(សាន់អេហ្គោ)៖ ប្រជាជនឈីលីរាប់ពាន់នាក់បាននាំគ្នាធ្វើកូដកម្មនៅរដ្ឋធានី សាន់ត្យាហ្គោ (Santiago) និងនៅតាមទីក្រុងធំៗដទៃទៀត ដើម្បីបន្តដាក់សម្ពាធដល់ប្រធានាធិបតីឈីលី លោក សេបាស្ទាន ភីណែរ៉ា (Sebastien Pinera) ស្របពេលដែលអំពើហិង្សានានា កំឡុងការធ្វើបាតុកម្មប៉ុន្មានថ្ងៃកន្លងមកនេះ បានបណ្តាលឲ្យមនុស្ស ១៨នាក់បាត់បង់ជីវិត។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន CNA នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៤ ខែតុលា ឆ្នាំ២០១៩។

នាថ្ងៃពុធសប្តាហ៍នេះ (ពេលវេលាក្នុងតំបន់នៅប្រទេសឈីលី) សិស្ស-និស្សិត គ្រូបង្រៀន-សាស្រ្តាចារ្យ និងបុគ្គលិករដ្ឋសរុបរាប់ពាន់នាក់ បានសម្រេចមិនចូលសាលា និងចូលបំពេញការងារឡើយ ដើម្បីចូលរួមការធ្វើកូដកម្ម ដែលដឹកនាំរៀបចំឡើងដោយសហជីពធំបំផុត ប្រចាំនៅប្រទេសឈីលី។ ការធ្វើបាតុកម្មយ៉ាងហិង្សានៅឈីលី បានផ្ទុះឡើងកាលពីសប្តាហ៍មុន ប្រឆាំងដើម្បីនឹងគម្រោងដំឡើងថ្លៃសេវាជិះរថភ្លើង ដែលនាពេលនេះត្រូវបានលុបចោលវិញបាត់ហើយ។

ពីដំបូងឡើយលោក Pinera ហាក់បានប្រកាន់យកជំហរមិនចុះចាញ់បាតុករជាដាច់ខាត ដោយលោកបានប្រកាសថា ឈីលីកំពុងប្រឈមមុខនឹងសង្រ្គាម ទើបសម្រេចដាក់ទីក្រុង Santiago ព្រមទាំងតំបន់ភាគច្រើននៃតំបន់ធំទាំង ១៦ របស់ឈីលី ឲ្យស្ថិតក្រោមគ្រាអាសន្នថែមទៀត។ ក៏ប៉ុន្តែលោក Pinera បានផ្លាស់ប្តូរគោលជំហររបស់លោកវិញ និងព្យាយាមស្នើឲ្យមានការរួមគ្នា ស្វែងរកដំណោះស្រាយ។ លោកបានសន្យាដំឡើងប្រាក់ចូលនិវត្តន៍ លុបចោលការដំឡើងថ្លៃអគ្គិសនី ហើយនឹងស្នើសេចក្តីព្រាងច្បាប់ ដែលនឹងជួយចេញថ្លៃព្យាបាល ដែលមានតម្លៃថ្លៃដល់ប្រជាជនបន្ថែមទៀត។

គួរជម្រាបថា អំពើហិង្សា និងការបំផ្លិចបំផ្លាញយ៉ាងដំណំ ដែលបានកើតមានកំឡុងបាតុកម្មកាលពីសប្តាហ៍មុន ហាក់មានសភាពស្ងប់ស្ងាត់ ជាងមុនឈានមកដល់សប្តាហ៍នេះ ខណៈមនុស្ស ១៨នាក់បានស្លាប់ ២៦៩នាក់បានរងរបួស និងប្រមាណ ១,៩០០នាក់ត្រូវបានចាប់ខ្លួន។ ក្រុមអ្នករៀបចំដឹកនាំការធ្វើកូដកម្ម ក៏បានទាមទារឲ្យរដ្ឋាភិបាលដកកងទ័ព ឲ្យទៅបន្ទាយរបស់ពួកគេវិញ ហើយដកការដាក់ក្នុងគ្រាអាសន្នចេញវិញផងដែរ៕