(បាងកក)៖ នាយករដ្ឋមន្រ្តីថៃលោក ប្រាយុទ្ធ ចាន់អូចា ដែលកំពុងធ្វើជាម្ចាស់ផ្ទះ រៀបចំកិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៥ បានថ្លែងកោតសរសើរ ចំពោះការរួមចំណែករបស់ប្រទេសចិន ក្នុងការកសាងក៏ដូចជារក្សាសុខសន្តិភាព និងវិបុលភាពនៅក្នុងតំបន់។ នេះបើតាមការដកស្រង់ការផ្សាយចេញពី ទីភ្នាក់ងារព័ត៌មានស៊ីនហួរ នៅល្ងាចថ្ងៃចន្ទ ទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៩។
អ្នកនាំពាក្យរដ្ឋាភិបាលថៃលោកស្រី ណារុម៉ុន ភីនយ៉ូស៊ីនវ៉ាត់ (Narumon Pinyosinwat) បានប្រាប់ទីភ្នាក់ងារព័ត៌មានស៊ីនហួរ កាលពីថ្ងៃអាទិត្យថា លោក ប្រាយុទ្ធ ក៏បានសម្តែងនូវការពេញចិត្តជាខ្លាំង ចំពោះកិច្ចប្រឹងប្រែងរបស់ចិន ក្នុងការជំរុញផលប្រយោជន៍ផ្នែកពាណិជ្ជកម្ម នៅគ្រប់ជ្រុងជ្រោយផងដែរ។
បន្ថែមពីខាងលើនេះ ជាមួយការសម្គាល់នូវទំនាក់ទំនងរបស់អាស៊ាន និងចិន ក្នុងអំឡុងពេលប្រមាណមួយទសវត្សរ៍កន្លងមកនេះ គឺប្រកបដោយភាពក្លៀវក្លា រឹងមាំ និងវឌ្ឍនភាព អ្នកនាំពាក្យរដ្ឋាភិបាលថៃបានសង្កត់ធ្ងន់ថា ចិននៅតែបន្តជាដៃគូពាណិជ្ជកម្ម ធំជាងគេរបស់អាស៊ាន និងអាស៊ានបានក្លាយជាដៃគូពាណិជ្ជកម្ម ធំបំផុតលំដាប់ទីពីររបស់ចិន។
គួរជម្រាបថា យោងតាមលោកស្រី Narumon អាស៊ាន និងចិនបានបន្តប្តេជ្ញាបង្កើនការវិនិយោគ និងការធ្វើពាណិជ្ជកម្មទ្វេភាគី និងសម្រេចឲ្យបាននូវកិច្ចព្រមព្រៀង នៃភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ ក្នុងតំបន់ហៅកាត់ថា RCEP។ ក្នុងឱកាសនៃការរៀបចំកិច្ចប្រជុំកំពូលអាស៊ាន លោកនាយករដ្ឋមន្ត្រីថៃបានប្រាប់ទៅកាន់ បណ្តាមេដឹកនាំប្រទេសអាស៊ានដទៃទៀតថា ដំណើរការចរចានៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី RCEP គួរតែត្រូវសម្រេចឲ្យបានឆាប់ ដើម្បីជំរុញឲ្យមានកំណើន នៅចំពោះមុខការចុះអន់ថយនៃសន្ទុះសេដ្ឋកិច្ចសកល។ កិច្ចព្រមព្រៀង RCEP រួមមានសមាជិកអាស៊ានទាំង ១០ប្រទេស រួមមានដៃគូពាណិជ្ជកម្មទាំង ០៦ របស់អាស៊ានគឺចិន ជប៉ុន កូរ៉េខាងត្បូង ឥណ្ឌា អូស្រ្តាលី និងនូវែលសេឡង់៕