(បាងកក)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានអញ្ជើញមេដឹកនាំអាស៊ានទាំង១០ប្រទេស មកចូលរួមក្នុង កិច្ចប្រជុំពិសេសមួយ ដែលនឹងត្រូវរៀបចំឡើងនៅសហរដ្ឋអាមេរិក នៅឆ្នាំក្រោយនេះ បន្ទាប់ពីលោកផ្ទាល់មិនបានមកចូលរួម កិច្ចប្រជុំកំពូលអាស៊ានក្នុងទីក្រុងបាងកក ប្រទេសថៃ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃចន្ទ ទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៩។
លិខិតអញ្ជើញមេដឹកនាំអាស៊ាន ត្រូវបានអានដោយទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក Robert O'Brien កំឡុងកិច្ចប្រជុំ កំពូលអាស៊ាន ក្នុងទីក្រុងបាងកក នៅថ្ងៃចន្ទនេះ។ លិខិតដដែល បានបញ្ជាក់ដូច្នេះថា៖ «ខ្ញុំ (លោក ត្រាំ) ចង់ឆ្លៀតឱកាស នេះ ដើម្បីអញ្ជីញមេដឹកនាំអាស៊ានទាំងអស់មកចូលរួមក្នុងកិច្ចប្រជុំពិសេសមួយ រៀបចំឡើងនៅសហរដ្ឋអាមេរិក ក្នុងត្រីមាសទីមួយនៃ ឆ្នាំ២០២០ខាងមុខនេះ»។
គួរជម្រាបថា នៅក្នុងលិខិតខាងលើ លោក ដូណាល់ ត្រាំ ក៏បានអះអាងដែរថាសហរដ្ឋអាមេរិក នឹងផ្ដល់ឱកាសដ៏ពិសេស អស្ចារ្យដល់បណ្ដាមេដឹកនាំអាស៊ាន ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយទីក្រុងវ៉ាស៊ីនតោន។ កាលពីឆ្នាំ ២០១៨ លោក ត្រាំ ក៏ធ្លាប់មិនមកចូលរួមកិច្ចប្រជុំកំពូលអាស៊ានម្ដងរួចហើយ ដោយបញ្ជូនអនុប្រធានាធិបតី លោក Mike Pence មកជំនួសរូបលោក៕