(វ៉ាស៊ីនតោន)៖ នាថ្ងៃចន្ទដើមសប្តាហ៍នេះសហរដ្ឋអាមេរិកបានចាប់ផ្តើមនីតិវិធី ដើម្បីដកខ្លួនជាផ្លូវការចេញពី កិច្ចព្រមព្រៀងលើបញ្ហាបម្រែបម្រួលអាកាសធាតុ ទីក្រុងប៉ារីសហើយ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានស៊ីនហួរ នៅព្រឹកថ្ងៃអង្គារ ទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៩។
កាលពីខែមិថុនា ឆ្នាំ២០១៧ លោក ដូណាល់ ត្រាំ បានប្រកាសថា ប្រទេសលោកនឹងដកខ្លួនចេញពីកិច្ចព្រមព្រៀងទីក្រុងប៉ារីស ដែលស្តីពីបញ្ហាបម្រែបម្រួលអាកាសធាតុពិភពលោក។ យោងតាមកិច្ចព្រមព្រៀងអន្តរជាតិនេះ ប្រទេសហត្ថលេខីមិនអាចចាប់ផ្តើមនីតិវិធី ដើម្បីដកខ្លួនជាផ្លូវការបានភ្លាមៗឡើយ លុះត្រាតែកិច្ចព្រមព្រៀងចូលជាធរមានបានរយៈពេល ០៣ឆ្នាំសិន ដែលត្រូវនឹងថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ ហើយអាចចេញផុតតែម្តងនៅថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២០។ ការសម្រេចចិត្តធ្វើបែបនេះ បានធ្វើឲ្យអាមេរិកគឺជាប្រទេសតែមួយគត់ ក្នុងចំណោមប្រទេសហត្ថលេខីជិត ២០០ប្រទេសដែលបានបោះបង់ចោល កិច្ចព្រមព្រៀងបម្រែបម្រូលអាកាសធាតុទីក្រុងប៉ារីស។
គួរជម្រាបថា លោក ដូណាល់ ត្រាំ បានប្រកាសពីគម្រោងដកសហរដ្ឋអាមេរិក ពីកិច្ចព្រមព្រៀងខាងលើភ្លាមៗតែម្តង បន្ទាប់ពីលោកបានឡើងកាន់តំណែងជាប្រធានាធិបតីអាមេរិក ក្រោមហេតុផលថា វាបង្កការគំរាមកំហែងអាក្រក់ដល់សេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិក។ អង្គការគាំពារបរិស្ថានជាច្រើននៅអាមេរិក បាននាំគ្នារិះគន់ការសម្រេចចិត្តរបស់អាមេរិកថា រដ្ឋបាលលោក ដូណាល់ ត្រាំ កំពុងតែបង្ហាញថា ពួកគេមិនខ្វាយខ្វល់អំពីវិទ្យាសាស្រ្ត ឬក៏សេដ្ឋកិច្ចអ្វីនោះឡើយ និងជាទង្វើដែលគ្មានការមើលឃើញវែងឆ្ងាយ៕