(ប៉េកាំង)៖ ប្រទេសចិននឹងគោរពពេញលេញ ចំពោះជីវភាពរស់នៅរបស់ប្រជាជន និងប្រព័ន្ធដឹកនាំសង្គមតៃវ៉ាន់ បើសិនជាកោះមួយនេះព្រមធ្វើការ «រួបរួមជាមួយចិនពេញលេញ» ព្រោះតៃវ៉ាន់ក៏នឹងទទួលបាន ការធានាសន្តិសុខដ៏យូរអង្វែង។ នេះបើតាមការលើកឡើងមួយ នៅក្នុងកិច្ចប្រជុំគណៈដឹកនាំជាន់ខ្ពស់ចិន កាលពីសប្តាហ៍មុនដែលត្រូវបានដកស្រង់ និងចេញផ្សាយដោយសារព័ត៌មាន CNA នាព្រឹកថ្ងៃពុធ ទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៩។
ទំនាក់ទំនងរវាងចិន និងកោះតៃវ៉ាន់បានប្រែក្លាយជាតានតឹងខ្លាំងឡើងវិញ បន្ទាប់ពីលោកស្រី ត្សៃ អ៊ីងវិន ដែលមានទំនោរចង់បានឯករាជ្យនោះ បានឈ្នះឆ្នោតក្លាយជាប្រធានាធិបតីនៅឆ្នាំ២០១៦។ បន្ថែមពីនេះ ក្រោយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ចាប់ផ្តើមបង្កឲ្យទំនាក់ទំនងឈានទៅរកភាពប្រេះស្រាំជាមួយចិន ជាពិសេសការបំផ្ទុះសង្គ្រាមពាណិជ្ជកម្មនោះ កោះតៃវ៉ាន់ និងសហរដ្ឋអាមេរិក ក៏បានចុះកិច្ចព្រមព្រៀងទិញដូរអាវុធដោយបើកចំហថែមទៀត ដែលបានធ្វើឲ្យចិនកាន់តែខឹងសម្បារ។
គួរបញ្ជាក់ថា កោះតៃវ៉ាន់នឹងរៀបចំការបោះឆ្នោតប្រធានាធិបតីអាណត្តិថ្មី នៅខែមករា ឆ្នាំ២០២០ ហើយវានឹងក្លាយជារឿងគួរឲ្យចាប់អារម្មណ៍ថែមទៀត ជុំវិញការស្ទង់មតិរបស់ប្រជាពលរដ្ឋកោះតៃវ៉ាន់ ដែលគិតចំពោះចិនដីគោក។ ចិនធ្លាប់បានព្រមានជាច្រើនលើកថា ថ្ងៃដែលកោះតៃវ៉ាន់ហ៊ានប្រកាសឯករាជ្យ វាក៏ជាថ្ងៃដែលទីក្រុងប៉េកាំងលែងអត់ឱនឲ្យកោះនេះតទៅទៀតដែរ៕