(អង់ការ៉ា)៖ តួកគី នឹងទិញយន្ដហោះចម្បាំង Su-35 ពីរុស្ស៊ី បើសិនជាវាចាំបាច់ និងជាជម្រើសល្អ សម្រាប់វិស័យយោធា បើទោះជាត្រូវប្រឈមមុខនឹងទណ្ឌកម្មពីសំណាក់សហរដ្ឋអាមេរិកក៏ដោយ។ នេះ បើតាមមន្ត្រីជាន់ខ្ពស់តួកគីម្នាក់ ដកស្រង់ចេញផ្សាយដោយសារព័ត៌មាន Sputnik នៅថ្ងៃពុធ ទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៩។

លោកស្រី Nurin Atesoglu Guney ដែលជាសមាជិកក្រុមប្រឹក្សាគោលនយោបាយសន្តិសុខ និងការបរទេសរបស់ ប្រធានាធិបតីតួកគី លោក អឺដូហ្គាន់ ធ្វើការកត់សម្គាល់ខាងលើ នៅពេលត្រូវបានសាកសួរពីការព្រួយបារម្ភ នៃផលប៉ះពាល់ជាអវិជ្ជមានដល់ទំនាក់ទំនងជាមួយអាមេរិក ក្នុងករណីទីក្រុង អង់ការ៉ាទិញ Su-35 ពីរុស្ស៊ី។ លោកស្រី បានលើកឡើងដូច្នេះថា៖ «រឿងប៉ះពាល់ដល់ទំនាក់ទំនងរវាង តួកគី និងអាមេរិក អាចនឹងកើតមាន។ តើយើងអាច ធ្វើបានអ្វីខ្លះ? ព្រោះជាការពិត យើងកំពុងមានបញ្ហាជាច្រើនជាមួយវ៉ាស៊ីនតោន តែវាមិនសំខាន់ទេ។ ពោលគឺ បើ Su-35 វាចាំបាច់ និងជាជម្រើសល្អ សម្រាប់វិស័យយោធារបស់យើង នោះយើងនឹងទិញវានៅថ្ងៃអនាគត»។

គួរជម្រាបថា កាលពីចុងខែតុលាកន្លងទៅ ក្រុមមន្ត្រីតួកគី បានបង្ហើបថាទីក្រុងអង់ការ៉ា និងទីក្រុងម៉ូស្គូ នឹងបន្តកិច្ចចរចាទិញ Su-35 ខណៈសហរដ្ឋអាមេរិកគំរាមបញ្ឈប់ការប្រគល់យន្ដហោះចម្បាំង F-35 ឱ្យ តួកគី ដោយសារតែការទិញប្រព័ន្ធមីស៊ីលការពារដែនអាកាស S-400 ពីរុស្ស៊ី៕