(ប៉េកាំង)៖ ពេលនេះប្រទេសចិនបានប្រកាសហើយ អំពីការចាប់ផ្តើមជាផ្លូវការនូវកិច្ចដំណើរការស្រាវជ្រាវ និងអភិវឌ្ឍន៍បណ្តាញសេវា 6G ដែលនឹងមានល្បឿនលឿនខ្លាំងជាង 5G បច្ចុប្បន្នេះឆ្ងាយបន្ថែមទៀត។ នេះបើតាមការដកស្រង់ព័ត៌មានពីក្រសួងបច្ចេកវិទ្យា និងវិទ្យាសាស្ត្រចិនដោយសារព័ត៌មាន Sputnik នារសៀលថ្ងៃព្រហស្បតិ៍ ទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៩។

ការបង្ហើបឲ្យដឹងអំពីការអភិវឌ្ឍសេវា 6G ខាងលើនេះ ត្រូវបានធ្វើឡើងនៅក្នុងកិច្ចប្រជុំមួយនៅរដ្ឋធានីប៉េកាំង ដោយក្នុងនោះក្រសួងបច្ចេកវិទ្យា និងវិទ្យាសាស្ត្រចិនមិនត្រឹមតែបង្ហើប អំពីបណ្តាញសេវាទូរគមនាគមន៍ដ៏លឿនអស្ចារ្យនេះឡើយ តែខ្លួនក៏បានបង្ហាញនូវបណ្តាញសេវា 5G កម្រិតថ្មីមួយថែមទៀតផងដែរ។
អនុរដ្ឋមន្ត្រីនៃក្រសួងចិនខាងលើនេះគឺលោក វ៉ាង វៃ (Wang Wei) បានអះអាងថា «បច្ចេកវិទ្យា 6G របស់សកលលោកពេលនេះ កំពុងស្ថិតនៅក្នុងតំណាក់កាលដំបូងបំផុតនៃការស្រាវជ្រាវ ហើយឬសគល់នៃបច្ចេកវិទ្យារបស់វានោះ ក៏មិនទាន់មានភាពច្បាស់លាស់នៅឡើយដែរ ខណៈសូចនាករសំខាន់ៗ និងសេណារីយ៉ូនៃកម្មវិធី មិនទាន់ត្រូវបានកំណត់...»

ទោះបីជាបែបនេះក្តី ក្រសួងបច្ចេកវិទ្យា និងវិទ្យាសាស្ត្ររបស់ចិននៅតែបានបង្ហាញក្តីជឿជាក់ នៅក្នុងការស្រាវជ្រាវរបស់ខ្លួន ដោយសារតែពេលនេះក្រុមអ្នកជំនាញផ្នែកទូរគមនាគមន៍ចំនួន ៣៧រូបមកពីសាកលវិទ្យាល័យ វិទ្យាស្ថាន និងស្ថាប័ននានាបាននិងកំពុងសិក្សារួមគ្នា អំពីការបង្កើតផែនការមេដើម្បីអភិវឌ្ឍន៍ 6G និងស្វែងយល់ឲ្យច្បាស់អំពីលទ្ធភាពនៃការបង្កើត។

ដោយសារតែ 6G មិនទាន់លេចចេញជាសញ្ញាដំបូងណាមួយនៅឡើយនោះ ក្រុមអ្នកជំនាញមិនអាចប៉ាន់ស្មានដឹង អំពីសមត្ថភាពរបស់វាដែលនឹងមាននោះឡើយ ប៉ុន្តែក៏មានអ្នកជំនាញខ្លះធ្លាប់បានអះអាងផងដែរថា 6G អាចមានល្បឿនដោនឡូដទិន្នន័យ រហូតដល់ ១០០ជីកាបៃក្នុងមួយវិនាទី ដែលលើស 5G រហូតដល់រាប់សិបដង៕