(បរទេស)៖ រូបភាពពីផ្កាយរណបបានបង្ហាញថា កោះភ្នំភ្លើងឈ្មោះឡាតៃគី (Lateiki) ដែលបានលេចឡើងដោយសារសកម្មភាពភ្នំភ្លើង នៅក្រោមបាតសមុទ្រកាលពី ២៤ឆ្នាំមុន ឥឡូវបានលិចបាត់ខ្លួនទៅវិញហើយ ស្របពេលដែលកោះថ្មីមួយទៀត ក៏បានចាប់កំណើតឡើងកាលពីខែតុលាកន្លងទៅ។ នេះបើតាមការដកស្រង់ការផ្សាយចេញពី សារព័ត៌មាន Sputnik នៅព្រឹកថ្ងៃសុក្រ ទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៩។

កោះខាងលើស្ថិតនៅកូនប្រទេសដីកោះ តុងហ្គា (Tonga) លើផ្ទៃមហាសមុទ្រប៉ាស៊ីហ្វិក។ ខណៈកោះ Lateiki ចាស់ ដែលបានលេចរូបរាងឡើងកាលពីឆ្នាំ១៩៩៥ បានលិចបាត់ទៅវិញនោះ កោះ Lateiki ថ្មីដែលបានផុសឡើងកាលពីចន្លោះថ្ងៃទី១៣ និងទី៣១ ខែតុលា ឆ្នាំ២០១៩នេះ មានទំហំធំជាងកោះចាស់ គឺវាមានទទឹងប្រវែង ១០០ម៉ែត្រ និងបណ្តោយប្រមាណ ៤០០ម៉ែត្រ។ ប្រទេស Tonga មានដីកោះសរុបប្រហែល ១៧០ នៅភាគខាងត្បូងមហាសមុទ្រប៉ាស៊ីហ្វិក ហើយប្រទេសនេះស្ថិតនៅលើតំបន់ ខ្សែក្រវាត់ភ្នំភ្លើងរបស់មហាសមុទ្រប៉ាស៊ីហ្វិក ដែលគេហៅថា The Pacific Ring of Fire ដែលតែងកើតមានសកម្មភាពរញ្ជួយដី និងបន្ទុះភ្នំភ្លើងជាញឹកញាប់។

គួរជម្រាបថា កោះនៅលើផ្ទៃសមុទ្រអាចលេចរូបរាងឡើងនៅលើផ្ទៃទឹក ដោយសារតែបាតុភូតធម្មជាតិជាច្រើន រួមមានបាតុភូតសំណឹក បាតុភូតបន្ទុះភ្នំភ្លើង និងបាតុភូតទាក់ទងជាមួយផ្ទាំងទឹកកកយក្សជាដើម។ កោះដ៏លេចធ្លោមួយ ដែលកើតឡើងដោយសារបាតុភូតទាំងនេះ គឺកោះភ្នំភ្លើងស៊ឺតសី (Surtsey) នៅភាគខាងត្បូងប្រទេសអ៊ីស្លង់។ កោះ Surtsey បានផុសឡើងកាលពីឆ្នាំ១៩៦៣ ដោយសារសកម្មភាពបន្ទុះភ្នំភ្លើង ក្រោមបាតសមុទ្រ៕