(តូក្យូ)៖ អាជ្ញាធរជប៉ុនបានចុះរឹបអូសបានគ្រឿងញៀនប្រភេទកូកាអ៊ីន (cocaine) ដែលមានទម្ងន់សរុបរហូតដល់ ៤០០គីឡូក្រាម និងត្រូវបានគេប៉ាន់ស្មានថា មានតម្លៃ ៧៣លានដុល្លារអាមេរិក នៅកំពង់ផែទីក្រុងកូបេ (Kobe) ភាគខាងលិចប្រទេសជប៉ុន។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន CNA នាព្រឹកថ្ងៃសុក្រ ទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៩។
មន្ត្រីជប៉ុនបានឲ្យដឹងថា ការស៊ើបអង្កេតអំពីករណីលួចរត់ពន្ធគ្រឿងញឿនខាងលើនេះ ត្រូវបានចាប់ផ្តើមតាំងតែពីខែតុលា ហើយទើបរហូតមកដល់ព្រឹកថ្ងៃសុក្រនេះទើបជប៉ុន បានប្រកាសអំពីការចាប់បាន ក្នុងចំនួនច្រើនបំផុតដែលមិនធ្លាប់មានពីមុនមក។ អ្នកនាំពាក្យនៃមន្ត្រីស៊ើបអង្កេតជប៉ុនបានប្រាប់បណ្តាញព័ត៌មាន AFP ថា «វាជាការបំបែកំណត់ត្រាមួយ ក្នុងចំនួនច្រើនបំផុតមិនធ្លាប់មាន សម្រាប់ការចាប់បានគ្រឿងញៀនប្រភេទកូកាអ៊ីននេះ»។
គួរបញ្ជាក់ថា អាជ្ញាធរជប៉ុនមិនទាន់បង្ហើបឲ្យដឹងពីប្រភព នៃគ្រឿងញៀនដ៏ច្រើនខាងលើនេះឡើយ ប៉ុន្តែក៏មានការសន្និដ្ឋានផងដែរថា វាអាចត្រូវបានបញ្ជូនមកកាន់កំពុងផែកូបេ ដោយការភ័ន្តច្រឡំ។ នរណាក៏ដឹងដែរថា ជប៉ុនជាប្រទេសដីកោះដែលមានច្បាប់តឹងរ៉ឹងបំផុត ក្នុងការប្រយុទ្ធប្រឆាំងការរត់ពន្ធ និងប្រើប្រាស់គ្រឿងញៀនគ្រប់ប្រភេទ៕