(បរទេស)៖ លោក ចន ស៊ីបតុន (John Shipton) ដែលត្រូវជាឪពុកនៃស្ថាបនិកវែបសាយទម្លាយព័ត៌មានសម្ងាត់ វីគីលីក (WikiLeaks) គឺលោក ជូលៀន អាស្សាង (Julian Assange) បានលើកឡើងថា លោក Assange ដែលកំពុងជាប់ឃុំឃាំងនៅចក្រភពអង់គ្លេស ប្រហែលជានឹងត្រូវស្លាប់នៅក្នុងពន្ធនាគារ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន Sputnik នៅរសៀលថ្ងៃសៅរ៍ ទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩។

លោក Shipton នាថ្ងៃសុក្រសប្តាហ៍នេះ បានប្រាប់ក្រុមអ្នកសារព័ត៌មាននៅទីក្រុងហ្សឺណែវក្នុងប្រទេសស្វីសថា កូនប្រុសលោកនឹងអាចបាត់បង់ជីវិតនៅក្នុងពន្ធនាគារ ហើយនេះមិនមែនជា ការសម្តែងក្តីខកបំណងរបស់ឪពុកម្នាក់នោះឡើយ ប៉ុន្តែវាគឺជាការពិតជាក់ស្តែង។

លោក Shipton បានបញ្ជាក់ថា លោកទើបតែបានទៅសួរសុខទុក្ខលោក Assange ក្នុងពន្ធនាគារអង់គ្លេសកាលពី ០២ថ្ងៃមុន។ ដោយឡែក នៅក្រោយជួបកូនប្រុសនៅពន្ធនាគារកាលពីខែសីហា លោក Shipton បាននិយាយថា លោក Assange បានស្រកទម្ងន់ខ្លាំងហើយទទួលរងសម្ពាធផ្លូវចិត្ត និងត្រូវបានគេធ្វើទុក្ខបុកម្នេញគ្រប់បែបយ៉ាង។ រីឯក្រុមអ្នកជំនាញជាច្រើនបានអះអាងថា ស្ថានភាពសុខភាពរបស់លោក Assange បានបន្តចុះដុនដាបជាខ្លាំង ចាប់តាំងតែពីពេលជាប់ក្នុងពន្ធនាគារ។

គួរជម្រាបថា លោក Julian Assange បិតាស្ថាបនិកនៃវែបសាយទម្លាយព័ត៌មានសម្ងាត់ៗ ដ៏ល្បីល្បាញនៅលើពិភពលោក WikiLeaks ត្រូវអាជ្ញាធរអង់គ្លេសចាប់ខ្លួនពីស្ថានទូតអេក្វាឌ័រក្នុងទីក្រុងឡុងដ៍ កាលពីខែមេសា ឆ្នាំ២០១៩ ជាទីដែលលោកបានជ្រកកោន អស់រយៈពេលរាប់ឆ្នាំមកហើយ។ បច្ចុប្បន្នលោក Assange កំពុងស្ថិតក្នុងពន្ធនាគារ ដើម្បីរង់ចាំការកាត់ក្តីមួយ ដើម្បីឈានទៅរកការធ្វើបត្យាប័ន នាំខ្លួនរូបលោកទៅកាន់សហរដ្ឋអាមេរិក៕

Advertising