(បង់ក្លាដែស)៖ ព្យុះស៊ីក្លូនមួយបានបោកបង់មកលើប្រទេសឥណ្ឌា និងបង់ក្លាដែសតែម្តង ដោយបានឆក់យកជីវិតមនុស្ស ២៤នាក់ និងជាច្រើនអ្នកទៀតរងរបួស ខណៈមនុស្សប្រមាណ ២.១លាននាក់រស់នៅក្នុងប្រទេសជិតខាងទាំងពីរ ត្រូវបានអាជ្ញាធរជម្លៀសទៅរកកន្លែងមានសុវត្ថិភាព តាំងតែពីមុនព្យុះមកដល់ម្ល៉េះ។ នេះបើតាមការចេញផ្សាយដោយ CNA នាល្ងាចថ្ងៃចន្ទ ទី១១ ខែវិច្ឆិកា ឆ្នាំ២០១៩។

ព្យុះស៊ីក្លូនខាងលើនេះមានឈ្មោះថា បាល់បាល់ (Bulbul) បានកើនសន្ទុះរហូតដល់ទៅល្បឿន ១២០គីឡូម៉ែត្រក្នុងមួយម៉ោង កាលពីចុងសប្តាហ៍មុន និងបានបោកបក់លើបណ្តារដ្ឋភាគខាងកើត ឥណ្ឌា រួមទាំងប្រទេសបង់ក្លាដែស។ ក្នុងចំណោមមនុស្សស្លាប់ទាំង ២៤នាក់នោះ គឺមាន ១២នាក់ស្ថិតនៅប្រទេសបង់ក្លាដែស (ស្លាប់ដោយសារដើមឈើរលំសង្កត់) និង ១២នាក់ទៀតនៅរដ្ឋវែសត៍បឹងហ្គាល់ (West Bengal) ព្រមទាំងអូឌីសា (Odisha) ភាគខាងកើតប្រទេសឥណ្ឌា។

គួរបញ្ជាក់ថា ក្រៅពីមនុស្សស្លាប់ខាងលើនេះ មនុស្សចំនួន ០៥នាក់ផ្សេងទៀតក៏កំពុងបាត់ខ្លួនផងដែរ។ ដោយឡែកលំនៅឋានរាប់ម៉ឺនខ្នង និងចំការដំណាំរាប់សែនហិកតា បានទទួលរងការខូចខាតយ៉ាងដំណំ៕