(ស៊ីដនី)៖ នៅថ្ងៃពុធនេះភ្លើងឆេះព្រៃនៅរដ្ឋ ញូសោតវែលស៍ ( New South Wales) ភាគខាងកើតប្រទេសអូស្រ្តាលី បានបន្តកើតមានដល់ទៅ ៨៣ទីតាំងដោយអាជ្ញាធរមិនដឹងច្បាស់ថា នៅពេលណានឹងអាចគ្រប់គ្រង ក៏ដូចជាពន្លត់បានទាំងស្រុងនោះឡើយ។ នេះបើតាមការដកស្រង់ការផ្សាយ ចេញពីសារព័ត៌មាន CNA នៅព្រឹកថ្ងៃពុធ ទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៩។
អាជ្ញាធរពន្លត់អគ្គីភ័យប្រចាំរដ្ឋ New South Wales បានបញ្ជាក់ថា កិច្ចប្រឹងប្រែងដើម្បីគ្រប់គ្រង និងពន្លត់ភ្លើងឆេះព្រៃទាំងនេះនឹងត្រូវការពេលយ៉ាងយូរ គឺរាប់សប្តាហ៍ទៅមុខទៀត ឬអាចដល់ទៅរាប់ខែក៏ថាបានដែរ ប្រសិនបើពុំមានភ្លៀងធ្លាក់ទេនោះ ខណៈដែលប្រទេសអូស្រ្តាលីកំពុង តែប្រឈមនឹងគ្រោះរាំងស្ងួតស្រាប់។ គ្រោះអគ្គីភ័យទាំងនេះ បានបង្ខំឲ្យសាលារៀនរាប់រយកន្លែងត្រូវបិទទ្វារ ហើយប្រជាជននៅតាមតំបន់រងការគំរាមកំហែង ត្រូវបានអាជ្ញាធរណែនាំឲ្យត្រៀមខ្លួនជម្លៀស និងបង្កើនការប្រុងប្រយ័ត្នខ្ពស់។
គួរជម្រាបថា ក្រៅពីរដ្ឋ New South Wales ភ្លើងឆេះព្រៃក៏កំពុងកើតមាននៅរដ្ឋដទៃទៀតដូចជា Queensland ជាដើម ហើយពួកវាបានចាប់ ផ្តើមឡើងដំបូងកាលពីប៉ុន្មានសប្តាហ៍មុន ក្នុងលក្ខណៈជាការឆេះគុម្ពោធព្រៃតូចតាច និងអូសបន្លាយមកទល់បច្ចុប្បន្ន ដោយសារតែអាកាសធាតុក្តៅស្ងួត។ ជាមួយគ្នានេះ ប៉ូលិសអូស្រ្តាលីក៏កំពុងតែស៊ើបអង្កេតករណីភ្លើងឆេះព្រៃមួយចំនួន ដែលពួកគេសង្ស័យថា បង្កឡើងដោយចេតនានៅរដ្ឋ ឃ្វីនស៍ឡេន (Queensland) និង New South Wales ផងដែរ។
ដោយឡែកភ្លើងឆេះព្រៃអាក្រក់បំផុតចុងក្រោយគេនៅប្រទេសអូស្រ្តាលី គឺបានកើតឡើងនៅ ឆ្នាំ២០០៩ ក្នុងរដ្ឋវិចតូរៀ (Victoria) ដែលស្ថិតនៅជាប់រដ្ឋ New South Wales ដោយកាលណោះបានផ្តាច់យកជិវិតមនុស្ស ១៨០នាក់។ រីឯភ្លើងឆេះព្រៃមួយរយៈនេះ ក៏បានផ្តាច់ជីវិតមនុស្សមួយចំនួន និងបំផ្លាញលំនៅឋានខ្ទង់រយខ្នងរួចមកហើយដែរ៕