(អ៊ីស្លាម៉ាបាដ)៖ នាថ្ងៃចន្ទនេះ ប្រទេសប៉ាគីស្ថានបានប្រកាសឲ្យដឹង ខ្លួនទើបតែទទួលជោគជ័យក្នុងការបាញ់តេស្តមីស៊ីលផ្លោង មានឈ្មោះថា Shaheen-I ដែលមានសមត្ថភាពបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរ។ កាលពីចុងសប្តាហ៍មុននេះ ឥណ្ឌាក៏បានប្រកាស ពីដំណឹងនៃការធ្វើតេស្តស្រដៀងគ្នាដែរ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន RT នៅយប់ថ្ងៃចន្ទ ទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៩។

មីស៊ីល Shaheen-I គឺជាមីស៊ីលផ្លោងបាលីស្ទីក ដែលប្រើប្រាស់សម្រាប់វាយប្រហារនៅរយៈចម្ងាយខ្លីរបស់ប៉ាគីស្ថាន។ មីស៊ីលនេះ ត្រូវគេរាយការណ៍ថា មានសមត្ថភាពហោះធ្វើដំណើរបានចម្ងាយខ្ទង់៦៥០គីឡូម៉ែត្រ ហើយត្រូវបានប៉ាគីស្ថានទុកប្រើប្រាស់តាំងតែ ពី ឆ្នាំ២០០៣មក។ មីស៊ីល Shaheen-I អាចបំពាក់ក្បាលគ្រាប់ធម្មតាក៏បាន ឬក្បាលគ្រាប់ប្រភេទនុយក្លេអ៊ែរក៏បាន ហើយជាទូទៅ វាប្រើប្រាស់ជើងទម្រដែលអាចចល័តដើម្បីបាញ់។

គួរជម្រាបថា កាលពីថ្ងៃសៅរ៍សប្តាហ៍មុន ឥណ្ឌាដែលជាអ្នកជិតខាង និងជាគូប្រជែងក្នុងតំបន់ដ៏ធំរបស់ប៉ាគីស្ថាន ទើបបានបង្ហាញ ពីសមត្ថភាពអាវុធនុយក្លេអ៊ែររបស់ខ្លួន តាមរយៈការបាញ់សាកល្បងគ្រាប់មីស៊ីលផ្លោង Agni-II។ មីស៊ីលនេះ ជាប្រភេទមីស៊ីល ផ្លោងរយៈចម្ងាយមធ្យម ដោយអាចហោះបានចម្ងាយឆ្ងាយបំផុតត្រឹម៣,៥០០គីឡូម៉ែត្រ ពោលសមត្ថភាពរបស់វា គឺប្រហាក់ប្រហែលនឹង មីស៊ីលផ្លោង Shaheen-II របស់ប៉ាគីស្ថាន។ យ៉ាងណាមិញ កំឡុងការប្រឈមមុខដាក់គ្នាដ៏ខ្លាំងក្លា កាលពីខែកុម្ភៈ ឆ្នាំ២០១៩នេះ ប្រទេសទាំងពីរ សុទ្ធតែបានប្តេជ្ញាថា នឹងមិនប្រើប្រាស់អាវុធនុយក្លេអ៊ែរវាយប្រហារទៅលើប្រទេសដទៃជាមុនឡើយ៕