(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានចុះហត្ថលេខាហើយ ដើម្បីឱ្យសេចក្ដីព្រាងច្បាប់គាំទ្រ បាតុករប្រជាធិបតេយ្យក្នុងទីក្រុងហុងកុង ក្លាយទៅជា«ច្បាប់» បើទោះជាដឹងថាវាអាចនឹងបំផ្លាញដល់កិច្ចខិតខំប្រឹងប្រែង បញ្ចប់ សង្រ្គាមពាណិជ្ជកម្មជាមួយទីក្រុងប៉េកាំង ក៏ដោយ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃព្រហស្បតិ៍ ទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៩។
សេចក្ដីព្រាងច្បាប់ស្ដីពីសិទ្ធិមនុស្ស និងប្រជាធិបតេយ្យក្រុងហុងកុង ត្រូវបានអនុម័តដោយព្រឹទ្ធសភា និងសភាតំណាង រាស្ត្រអាមេរិក ហើយតាមរយៈការចុះហត្ថលេខារបស់លោក ដូណាល់ ត្រាំ វានឹងក្លាយទៅជាច្បាប់ដែលតម្រូវឱ្យ ក្រសួងការបរទេសអាមេរិកធ្វើការត្រួតពិនិត្យ ឬបញ្ជាក់ក្នុងមួយឆ្នាំម្ដងថា តើទីក្រុងហុងកុងមានស្វ័យភាពពេញលេញ ដើម្បីទទួលបានការអនុគ្រោះពាណិជ្ជកម្មពិសេសពីសហរដ្ឋអាមេរិក ដែរឬទេ។
ច្បាប់នេះក៏ព្រមានដាក់ទណ្ឌកម្មផងដែរ សម្រាប់ការរំលោភសិទ្ធិមនុស្ស ហើយលើសពីនេះទៅទៀត លោក ត្រាំ ថែមទាំងបានចុះហត្ថលេខាលើសេចក្ដីព្រាងច្បាប់ទី២ទៀតផង ដោយមានគោលដៅហាមឃាត់ការលក់អាវុធមួយចំនួន ឱ្យប៉ូលិសហុងកុង ក្នុងនោះមានដូចជា គ្រាប់កាំភ្លើងជ័រ ម្សៅម្រេច ឧស្ម័នបង្ហូរទឹកភ្នែក និងសម្ភារៈមួយចំនួនដែល អាចយកទៅប្រើប្រាស់បង្ក្រាបក្រុមបាតុករ ជាដើម។
ថ្លែងនៅក្នុងសេចក្ដីថ្លែងការណ៍ចេញផ្សាយនៅថ្ងៃពុធសប្ដាហ៍នេះ (ម៉ោងនៅវ៉ាស៊ីនតោន) លោក ដូណាល់ ត្រាំ បានគូសបញ្ជាក់ដូច្នេះថា៖ «ខ្ញុំបានចុះហត្ថលេខាសេចក្ដីព្រាងច្បាប់នេះ ចេញពីការគោរពចំពោះលោកប្រធានាធិបតី ស៊ី ជិនពីង ចិន និងប្រជាជនទីក្រុងហុងកុង។ សេចក្ដីព្រាងច្បាប់នេះ នឹងក្លាយទៅជាច្បាប់ក្នុងក្ដីសង្ឃឹមថាចិន និងហុងកុង អាចផ្សះផ្សាគ្នាប្រកបដោយមិត្តភាព ដើម្បីសន្តិភាព និងភាពរុងរឿងរយៈពេលវែងសម្រាប់យើងទាំងអស់គ្នា»។
គួរបញ្ជាក់ថា បច្ចុប្បន្ន ចិន និងសហរដ្ឋអាមេរិក កំពុងស្វែងរកកិច្ចព្រមព្រៀងបញ្ចប់សង្រ្គាមពាណិជ្ជកម្ម។ ប៉ុន្តែ ច្បាប់ ខាងលើត្រូវបានគេរំពឹងថាអាចនឹងបំផ្លាញដល់កិច្ចព្រមព្រៀងពាណិជ្ជកម្មតំណាក់កាលទី១ ស្របពេលចិនធ្លាប់បាន ព្រមានជាច្រើនលើកថាខ្លួននឹងចាត់វិធានការសងសឹក បើសិនជាសេចក្ដីព្រាងច្បាប់គាំទ្របាតុករក្រុងហុងកុង ត្រូវបាន អនុម័ត៕