(ហ្សេរុយសាឡឹម)៖ រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែលលោក ណាហ្វថាលី ប៊ិនណេត (Naftali Bennett) បានប្រកាសអំពីផែនការនានា ក្នុងការកសាងលំនៅឋានសំរាប់ជនជាតិជ្វីបបន្ថែមទៀត ក្នុងតំបន់កំពុងមានជម្លោះនៅវែសត៍ប៊ែង (West Bank) បន្ទាប់ពីសហរដ្ឋអាមេរិកទើបតែបានប្រកាសថា ខ្លួននឹងលែងចាត់ទុកសកម្មភាពអ៊ីស្រាអែលបែបនេះ ជាទង្វើខុសច្បាប់អន្តរជាតិទៀតនោះ។ នេះបើតាមចេញផ្សាយដោយ CNA នាព្រឹកថ្ងៃចន្ទ ទី០២ ខែធ្នូ ឆ្នាំ២០១៩។

គំរោងសាងសង់លំនៅឋានរបស់អ៊ីស្រាអែលខាងលើនេះ នឹងត្រូវធ្វើឡើងនៅទីក្រុងហេប្រុន (Hebron) ដែលជាដែនដីជម្លោះដ៏ជូរចត់មួយរវាងអ៊ីស្រាអែល និងប៉ាឡេស្ទីននៅតំបន់ West Bank។ ប្រការនេះហើយទើបបង្កឲ្យមានការតវ៉ាប្រឆាំងអ៊ីស្រាអែល នៅតាមតំបន់ព្រំដែនឡើងវិញ ខណៈអគ្គលេខាធិការអង្គការសហប្រជាជាតិ (UN) លោក អាន់តូនីញ៉ូ ហ្គូទែរែស (Antonio Gutteres) កាលពីខែវិច្ឆិកា បានឆ្លើយតបនឹងសហរដ្ឋអាមេរិកថា ការសាងសង់លំនៅឋានលើដែនដី West Bank ដោយអ៊ីស្រាអែល គឺជាទង្វើបំពានច្បាប់អន្តរជាតិ និងដំណោះស្រាយនានា ដែលត្រូវបានធ្វើឡើងនាពេលកន្លងមក។

បើតាមសម្តីរបស់លោក Naftali Bennett គំរោងសាងសង់លំនៅឋានបន្ថែមនៅទីក្រុង Hebron នឹងជួយបង្កើនចំនួនប្រជាជនជ្វីបនៅតំបន់នេះរហូតដល់ពីរដង ខណៈដែលបច្ចុប្បន្ននេះជនជាតិ អ៊ីស្រាអែលប្រមាណ ៨០០នាក់ទៅហើយកំពុងរង់នៅទីនោះស្រាប់ ក្រោមការការពារសុវត្ថិភាព ពីសំណាក់កងទ័ពអ៊ីស្រាអែលរាប់រយនាក់ ដោយមានជនជាតិប៉ាឡេស្ទីន រស់នៅតំបន់ជុំវិញនោះជាង២០០,០០០នាក់ផងដែរ៕