(អង់ការ៉ា)៖ ការិយាល័យប្រធានាធិបតីតួកគី លោក អឺដូហ្គាន់ បាននិយាយនៅថ្ងៃចន្ទនេះថា ប្រព័ន្ធមីស៊ីលការពារដែនអាកាស S-400 ដែលទីក្រុងអង់ការ៉ាទិញពីរុស្ស៊ី នឹងជួយបង្កើនសមត្ថភាពការពារដែនអាកាសរបស់អង្គការ NATO ដោយទាត់ចោល ការអះអាងរបស់សហរដ្ឋអាមេរិកថាប្រព័ន្ធមីស៊ីលរុស្ស៊ី នឹងបំផ្លាញយុទ្ធសាស្ត្រការពារដែនអាកាសនៃប្លុកយោធាមួយនេះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅថ្ងៃចន្ទ ទី០២ ខែធ្នូ ឆ្នាំ២០១៩។

លោក Ismail Safi ដែលជាសមាជិកមួយរូបនៃការិយាល័យលោកប្រធានាធិបតី អឺដូហ្គាន់ បានគូសបញ្ជាក់ដូច្នេះថា៖ «ប្រព័ន្ធមីស៊ីល S-400 ដែលតួកគីទិញពីរុស្ស៊ី នឹងមិនធ្វើឱ្យសមត្ថភាពការពារដែនអាកាសរបស់ NATO ចុះខ្សោយនោះទេ ប៉ុន្តែផ្ទុយទៅវិញ វាមានតែជួយបង្កើន...ហើយយើងទិញប្រព័ន្ធមីស៊ីលនេះគឺដើម្បីតែបង្កើននិងពង្រឹងប្រព័ន្ធការពារដែនអាកាស របស់យើងតែប៉ុណ្ណោះ»

គួរបញ្ជាក់ថា តួកគី ទទួលបាន S-400 ពីរុស្ស៊ីកាលពីខែកក្កដាកន្លងទៅ ហើយប្រព័ន្ធមីស៊ីលនេះត្រូវបានគេរំពឹងថានឹង ត្រូវដាក់ឱ្យដំណើរការពេញលេញនៅខែមេសា ឆ្នាំ២០២០។ ប៉ុន្តែ សហរដ្ឋអាមេរិក បានព្រមានថានឹងដាក់ទណ្ឌកម្ម សេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរបំផុត បើទីក្រុងអង់ការ៉ា ហ៊ានដាក់ឱ្យប្រព័ន្ធមីស៊ីលរុស្ស៊ីដំណើរការជាផ្លូវការ៕