(បាងកក)៖ នាយករដ្ឋមន្រ្តីថៃលោក ប្រាយុទ្ធ ចាន់អូចា នាថ្ងៃអង្គារនេះបានចេញបញ្ជាឲ្យទីភ្នាក់ងារ និងស្ថាប័នរដ្ឋទាំងឡាយដែលពាក់ព័ន្ធ ធ្វើការផ្តល់ជំនួយជាបន្ទាន់ដល់ជនរងគ្រោះទឹកជំនន់ នៅឯខេត្តណារ៉ាត់ធីវ៉ាត់ (Narathiwat) ភាគខាងត្បូងប្រទេសថៃ។ នេះបើតាមការដកស្រង់ការផ្សាយពី ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅរសៀលថ្ងៃអង្គារ ទី០៣ ខែធ្នូ ឆ្នាំ២០១៩។
អ្នកនាំពាក្យរដ្ឋាភិបាលថៃ លោកស្រី ណារូម៉ុន ភីនយ៉ូស៊ីនវ៉ាត់ (Narumon Pinyosinwat) បានប្រាប់ក្រុមអ្នកសារព័ត៌មានថា លោក ប្រាយុទ្ធ បានទទួលដំណឹងហើយពីស្ថានភាពគ្រោះទឹកជំនន់ នៅស្រុកចំនួន ១៣ នៃខេត្ត Narathiwat ជាទីដែលប្រជាជនថៃប្រមាណ ៤១,៣៦៩នាក់រងការប៉ះពាល់។ ទន្ទឹមគ្នានោះ លោកស្រី Narumon បាននិយាយថា ទឹកជំនន់ហាក់ក៏កំពុងចាប់ផ្តើមថមថយបន្តិចវិញ ហើយប្រសិនបើភ្លៀងលែងសូវធ្លាក់នោះ ស្ថានភាពអាចត្រឡប់ទៅដូចដើមវិញក្នុងរយៈពេល ៧-១០ថ្ងៃ។
យោងតាមលោក ថុងផ្លេវ កុងជូន (Thongplew Kongjun) អគ្គនាយកនៃនាយកដ្ឋានធារាសាស្រ្តថៃបានឲ្យដឹងថា ទឹកទន្លេ កូឡុក (Kolok), សៃបួរិ (Sai Buri) និង បាងណារ៉ា (Bang Nara) បានជន់ជោរឡើងខ្លាំង ហើយហៀរចេញទៅកាន់តំបន់ទំនាបៗ ដែលនៅក្បែរដងទន្លេទាំងនោះ។ លោក Thongplew បានបញ្ជាក់ថា លោកក៏បានបង្គាប់ឲ្យមានការប្រឹងប្រែងបូរទឹក ដែលជន់ចេញទៅកាន់ឈូងសមុទ្រថៃរួចហើយផងដែរ។
គួរជម្រាបថា សាលារៀន និងស្ថានីយប៉ូលិសដែលមានទីតាំងនៅទីទួល កំពុងត្រូវប្រើប្រាស់ជាជម្រកស្នាក់នៅបណ្តោះអាសន្ន សម្រាប់ជនរងគ្រោះដោយទឹកជំនន់ ខណៈអាជ្ញាធរ និងអង្គការសប្បុរសធម៌ថៃ កំពុងជួយជម្លៀសជនរងគ្រោះ ទៅកាន់កន្លែងសុវត្ថិភាព ហើយផ្តល់ឲ្យពួកគេនូវស្បៀងអាហារ ទឹកស្អាត ព្រមទាំងសម្ភារៈចាំបាច់ដទៃទៀត៕