(ចិន)៖ មនុស្សជាង៦,០០០នាក់ ក្នុងនោះប្រមាណ៤០ភាគរយ នៃពួកគេ គឺជាសិស្ស-និស្សិត ត្រូវបានប៉ូលិសចាប់ខ្លួន នៅក្នុងប្រតិបត្តិការរក្សាសន្តិសុខ ចាប់តាំងពីមានការតវ៉ា និងកុប្បកម្ម ជាច្រើនលើក ដែលបានចាប់ផ្តើមឡើង នៅក្នុងទីក្រុងហុងកុង អស់រយៈពេល៦ខែកន្លងទៅ, នេះបើតាមការបញ្ជាក់ ពីប៉ូលិសហុងកុង បានឲ្យដឹងនៅថ្ងៃចន្ទនេះ។
យោងតាមសារព័ត៌មាន CGTN ចុះផ្សាយនាយប់ថ្ងៃទី៩ ខែធ្នូនេះ បានឲ្យដឹងថា មានសិស្ស-និស្សិត ចំនួន២,៣៩៣នាក់ ក្នុងចំណោម អ្នកដែលត្រូវបាន គេចាប់ខ្លួន ៦,០២២នាក់ គិតចាប់តាំងពីថ្ងៃទី៩ ខែមិថុនាមក។
លោក Kong Wing-cheung អគ្គនាយកជាន់ខ្ពស់ នៃសាខាទំនាក់ទំនងសាធារណៈ របស់ប៉ូលិស បានលើកឡើងថា «យើងមានការតក់ស្លុត និងព្រួយបារម្ភ, យើងរំពឹងថា អ្នកដែលនៅក្នុងវិស័យអប់រំ អាចបញ្ឈប់ ការផ្សព្វផ្សាយ ការស្គាល់ ឬណែនាំយុវជន ឱ្យចូលរួមក្នុងសកម្មភាពខុសច្បាប់ ការបំផ្លាញ ឬអំពើហឹង្សាណាមួយ ហើយយើងសង្ឃឹមថា ឪពុកម្តាយអាចយកចិត្តទុកដាក់ខ្ពស់ ចំពោះសកម្មភាពកូនៗរបស់ពួកគេ»។
ចាប់តាំងពីខែមិថុនា, ទីក្រុងហុងកុង ដែលជាមជ្ឈមណ្ឌលហិរញ្ញវត្ថុរបស់អាស៊ាន ត្រូវបានក្តោបក្តាប់ ដោយការកើនឡើង នៃអំពើហិង្សា និងកុប្បកម្ម។ ក្នុងចំណោមមនុស្ស ៦,០២២នាក់ ដែលត្រូវបានប៉ូលិសចាប់ខ្លួន មានបុរស៤,៤៧៤ និងស្ត្រី១,៥៤៨នាក់ មានអាយុចម្លោះពី១១ដល់៨៤ឆ្នាំ ត្រូវបានចោទប្រកាន់ ពីបទប្រមូលផ្តុំខុសច្បាប់, ធ្វើកុប្បកម្ម និងកាន់កាប់ និងវាយប្រហារដោយប្រើប្រាស់អាវុធ។
បើតាមលោក Kong បានឲ្យដឹងថា សរុបមានប៉ូលិស៤៩៣នាក់ ត្រូវបានរងរបួស ក្នុងរយៈពេល៦ខែកន្លងទៅនេះ៕