(ម៉ូស្គូ)៖ ស្របពេលដែលនាវាចម្បាំង USS Ross របស់កងទ័ពជើងទឹកអាមេរិក បានធ្វើដំណើរចូលមកដល់ដែនសមុទ្រខ្មៅ យោធារុស្ស៊ីបាន ចល័តនាវាចម្បាំងរបស់ខ្លួនភ្លែត ដើម្បីឲ្យតាមឃ្លាំមើលសកម្មភាពរបស់នាវាចម្បាំងអាមេរិក។ នេះបើតាមការដកស្រង់ការផ្សាយចេញពី ទីភ្នាក់ព័ត៌មាន RT នៅរសៀលថ្ងៃចន្ទ ទី១៦ ខែធ្នូ ឆ្នាំ២០១៩។

នាវាចម្បាំងអាមេរិក USS Ross ធ្លាប់បានបំពេញបេសកកម្មប៉ុន្មានលើករួចមកហើយ នៅដែនសមុទ្រខ្មៅ ចាប់តាំងតែពីភាពតានតឹងរវាង រវាងទីក្រុងវ៉ាស៊ីនតោននិងទីក្រុងម៉ូស្គូបានកើនឡើង ដោយសារបញ្ហាតំបន់គ្រីមៀ និងបញ្ហាជម្លោះប្រដាប់អាវុធនៅភាគខាងកើតអ៊ុយក្រែន កាលពីឆ្នាំ២០១៤។ នាវាចម្បាំង USS Ross បានលេចឈ្មោះព្រោងព្រាតលើចំណងជើងព័ត៌មានជាលើកដំបូង កាលពីឆ្នាំ២០១៥ នៅពេលរុស្ស៊ី ចល័តក្រុមយន្តហោះចម្បាំង Su-24 ដើម្បីទៅព្រមាននាវាចម្បាំងអាមេរិកមួយនេះ ដែលរុស្ស៊ីអះអាងថា បានធ្វើសកម្មភាពបង្កហេតុនៅក្បែរ ដែនទឹករបស់ខ្លួន។

គួរជម្រាបថា លើកចុងក្រោយដែលនាវាចម្បាំងរុស្ស៊ីខាងលើឈ្មោះ Vyshny Volochyok ត្រូវបានបញ្ជូនឲ្យទៅតាមដានសកម្មភាពនាវាចម្បាំង អាមេរិក គឺកាលពីពាក់កណ្តាលខែតុលា ឆ្នាំ២០១៩នេះ ដោយនៅពេលនោះនាវាចម្បាំង Vyshny Volochyok ព្រមទាំងនាវាយោធារុស្ស៊ីចំនួន ០២គ្រឿងទៀត បានធ្វើការឃ្លាំមើលនាវាចម្បាំង USS Porter របស់សហរដ្ឋអាមេរិក។

ពាក់ព័ន្ធការចល័តនាវាចម្បាំងរបស់ខ្លួនមកកាន់សមុទ្រខ្មៅ អាមេរិកបាននៅតែទទូចថា បេសកកម្មទាំងនេះ ត្រូវបានធ្វើឡើងដោយស្របទៅ តាមច្បាប់អន្តរជាតិ ក្រោមគោលដៅគាំទ្រសេរីភាពនៃការធ្វើនាវាចរណ៍និងទប់ទល់ការគំរាមកំហែងពីរុស្ស៊ី។ ដោយឡែក ទីក្រុងម៉ូស្គូវិញជឿ ថា វត្តមាននាវាចម្បាំងរបស់កងទ័ពជើងទឹកអាមេរិកនៅដែនសមុទ្រខ្មៅ គឺផលប្រយោជន៍អ្វីក្រៅពីបន្ថែមភាពតានតឹង និងបង្កើនហានិភ័យនៃ ការប៉ះទង្គិចគ្នាតែប៉ុណ្ណោះ៕