(បរទេស)៖ ក្នុងរបាយការណ៍សិក្សាមួយចេញផ្សាយនាពេលកន្លងទៅនេះ អ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យ University of Colorado Boulder និង វិទ្យាស្ថានបច្ចេកវិទ្យា Caltech នៅសហរដ្ឋអាមេរិក បានរៀបរាប់អំពីបេសកកម្មមួយ នៅតំបន់ចំហៀងម្ខាងទៀតរបស់ព្រះច័ន្ទ ដែលគេហៅថា Dark Side ឬក៏ Far Side ដែលប្រទេសចិនបាននិងកំពុងតែធ្វើការស្រាវជ្រាវយ៉ាងសកម្មនោះ។ នេះបើតាមការដកស្រង់ ការផ្សាយចេញពីវែបសាយព័ត៌មាន Space នៅល្ងាចថ្ងៃចន្ទ ទី១៦ ខែធ្នូ ឆ្នាំ២០១៩។

គម្រោងនោះមានឈ្មោះ Farside Array for Radio Science Investigations of the Dark ages and Exoplanets ឬហៅកាត់ខ្លីថា FARSIDE ខណៈរបាយការណ៍ខាងលើត្រូវបានរៀបចំឡើង ក្រោមការជ្រោមជ្រែងរបស់ទីភ្នាក់ងារអវកាសអាមេរិក NASA។ ក្នុងគម្រោងបេសកកម្ម FARSIDE នឹងតម្រូវឲ្យមានសម្ភារៈចំនួន ០៣ គឺយានរុករកដែលអាចចល័តបាន (Rover) យានសម្រាប់ចុះចត (Lander) និងស្ថានីយគោលនៅទីនោះ។

គម្រោងបេសកកម្មនេះ ពឹងផ្អែកទៅលើការដាក់ពង្រាយដុំអង់តែនសរុប ១២៨គ្រឿងនៅជុំវិញស្ថានីយគោល។ បើតាមការប៉ាន់ស្មាន ក្នុងការរបាយការណ៍សិក្សា គម្រោងនេះអាចត្រូវចំណាយថវិកាយ៉ាងហោច១.៣ពាន់លានដុល្លារ។

គួរជម្រាបថា បេសកកម្ម FARSIDE នឹងអនុញ្ញាតឲ្យអ្នកវិទ្យាសាស្រ្តធ្វើការអង្កេតមើល លើប្រព័ន្ធផ្កាយដទៃៗទៀត ប្រកបដោយប្រសិទ្ធភាពដូចជាបាតុភូត ផ្សេងៗដែលកើតឡើងនៅផ្កាយទាំងនោះ។ មិនតែប៉ុណ្ណោះ វាក៏នឹងអាចចាប់បានសញ្ញា នៃស្រទាប់ដែនម៉ាញេទិចរបស់ភពអេលៀន (ភពដែលនៅក្រៅប្រព័ន្ធព្រះអាទិត្យ) នៅក្បែរៗយើង ដែលអាចមានលទ្ធភាពទ្រទ្រង់ជីវិតផងដែរ។ ជាមួយគ្នានេះបេសកកម្ម FARSIDE នឹងអាចសិក្សាសកម្មភាពនៅក្នុងប្រព័ន្ធផ្កាយយើង និងនៅលើព្រះច័ន្ទផ្ទាល់ថែមទៀត៕