(ប៉េកាំង)៖ ក្រសួងហិរញ្ញវត្ថុចិនបានឱ្យដឹងនៅថ្ងៃចន្ទនេះថា រដ្ឋាភិបាលចិននឹងបញ្ចុះតម្លៃពន្ធ លើផលិតនាំចូលជាច្រើនមុខរាប់ចាប់ពីសាច់ជ្រូកក្លាសេ និងផ្លែប៊ឺ រហូតដល់ផលិតផលសឺមីកុងឌុចទ័រ (semiconductors) មួយចំនួនទៀត គិតចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២០ ខណៈចិនកំពុងបង្កើនការនាំចូល នៅក្នុងបរិបទដែលសេដ្ឋកិច្ចមានកំណើនយឺតយ៉ាវ និងសង្រ្គាមពាណិជ្ជកម្មសហរដ្ឋអាមេរិក។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅរសៀលថ្ងៃចន្ទ ទី២៣ ខែធ្នូ ឆ្នាំ២០១៩។
យោងតាមក្រសួងហិរញ្ញវត្ថុចិន នៅឆ្នាំ២០២០ ចិននឹងអនុវត្តការយកពន្ធនាំចូលជាបណ្ដោះអាសន្ន ជាមួយការបញ្ចុះតម្លៃទាបជាង ការយកពន្ធធម្មតានៅក្នុងប្រទេស លើផលិតផលច្រើនជាង ៨៥០មុខ បើធៀបទៅនឹងឆ្នាំ២០១៩ មាន ៧០៦មុខ។ ការបញ្ចុះតម្លៃពន្ធលើ ផលិតនាំចូលជាច្រើនមុខនេះ មានរាប់ចាប់ពីសាច់ជ្រូកក្លាស់សេ និងផ្លែប៊ឺ រហូតដល់ផលិតផលសឺមីកុងឌុចទ័រ (semiconductors) មួយចំនួនទៀត ដោយក្នុងនោះ សាច់ជ្រូកក្លាសេនឹងត្រូវបានបន្ធូរបន្ធយពន្ធមកនៅត្រឹម ៨ភាគរយ បើធៀបទៅនឹងពន្ធធម្មតា ១២ភាគរយ ខណៈផ្លែប៊ឺនឹងត្រូវបញ្ចុះមកនៅត្រឹម ៧ភាគរយ ធៀបទៅនឹងពន្ធធម្មតា ៣០ភាគរយ។ ចំណែកឯពន្ធលើផលិតផលសឺមីកុងឌុចទ័រ ខ្លះអាចនឹងបន្ថយមកដល់សូន្យភាគរយ។
លើសពីនេះទៅទៀត ក្រសួងហិរញ្ញវត្ថុចិនក៏បានបញ្ជាក់ដែរថា ទីក្រុងប៉េកាំងក៏នឹងបញ្ចុះតម្លៃពន្ធនាំចូលបន្ថែមទៀតផងដែរ លើផលិតផលព័ត៌មានវិទ្យាមួយចំនួន ចាប់ពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២០៕