(Reuters)៖ មេដឹកនាំកំពូលអ៊ីរ៉ង់ លោក Ayatollah Ali Khamenei បានកោះប្រជុំមន្ត្រីទីប្រឹក្សាសន្តិសុខជាន់ខ្ពស់របស់លោក និងមន្ត្រី នៅក្នុងជួររដ្ឋាភិបាលជាច្រើននាក់ ជាមួយការចេញបទបញ្ជាឱ្យក្រុមមន្ត្រីទាំងអស់នេះ ធ្វើអ្វីក៏ធ្វើទៅ ឱ្យតែអាចបញ្ឈប់បាតុកម្មតវ៉ា ប្រឆាំងសាំងឡើងថ្លៃ និងរដ្ឋាភិបាលទីក្រុងហេរ៉ង់ ខណៈចំនួនអ្នកស្លាប់នៅក្នុងការបង្រ្កាបពីសំណាក់កម្លាំងសន្តិសុខគឺមានរហូតដល់ ទៅ១,៥០០នាក់ឯណោះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី២៣ ខែធ្នូ ឆ្នាំ២០១៩។
ទីភ្នាក់ងារព័ត៌មាន Reuters ធ្វើសេចក្ដីរាយការណ៍បែបនេះ ដោយផ្អែកលើប្រភពចំនួន៣ ដែលស្និទនឹងមន្ត្រីជំនិតរបស់លោក Ali Khamenei ហើយការចេញបញ្ជានេះទៀតសោត គឺជាការបង្រ្កាបដ៏ហិង្សាបំផុត ចាប់តាំងពីបដិវត្តន៍អ៊ីរ៉ង់ឆ្នាំ១៩៧៩មក។ ប្រភពមួយក្នុង ចំណោមប្រភពទាំងបីនេះ បានបញ្ជាក់ដូច្នេះថា៖ « អ៊ីមាំរបស់ពួកយើង (លោក Ali Khamenei) គឺជាមនុស្សតែម្នាក់គត់ដែលឆ្លើយសំនួរ ទៅកាន់ព្រះជាម្ចាស់។ គាត់យកចិត្តទុកដាក់ពីប្រជាជនអ៊ីរ៉ង់ និងបដិវត្តន៍។ ដូច្នេះហើយគាត់បានចេញបញ្ជាយ៉ាងម៉ឺងម៉ាត់ថាកុបករ ឬជនបង្កហិង្សាទាំងឡាយ គួរតែត្រូវបានកំចាត់ចោល»។
បើតាមតួលេខអ្នកស្លាប់ដែល Reuters ទទួលបានពីមន្ត្រី៣នាក់ខាងលើដដែល មកពីក្រសួងមហាផ្ទៃអ៊ីរ៉ង់ បាតុករ រហូតដល់១,៥០០នាក់ ក្នុងនោះរួមមានយុវជន១៧នាក់ និងស្ត្រី៤០០នាក់ ព្រមទាំងកងកម្លាំងសន្តិសុខមួយចំនួនត្រូវបានសម្លាប់ក្នុងបាតុកម្មតវ៉ា និងភាពចលាចល ក្នុងរយៈពេលមិនដល់២សប្ដាហ៍ផង ដោយចាប់ផ្ដើម កាលពីថ្ងៃទី១៥ ខែវិច្ឆិកា កន្លងទៅ។ តួលេខនេះគឺមានចំនួនច្រើនជាងតួលេខដែល ផ្ដល់ដោយអង្គការលើកលែងទោសអន្តរជាតិ (Amnesty International) ដែលអះអាងថាមនុស្សស្លាប់មានតែ៣០៤នាក់ ប៉ុណ្ណោះ។ ចំណែកឯ ខាងក្រសួងការបរទេសអាមេរិក ក៏ធ្លាប់បានប៉ាន់ស្មានផងដែរថាបាតុករអ៊ីរ៉ង់រាប់រយនាក់ត្រូវបានសម្លាប់ ក៏ដូចជាបានមើលឃើញ របាយការណ៍ជាច្រើនបង្ហាញថាអ្នកស្លាប់ក្នុងបាតុកម្មដ៏ហិង្សានៅអ៊ីរ៉ង់ អាចលើសពី១,០០០នាក់។
តែទោះជាបែបនេះក្ដី អ្នកនាំពាក្យរដ្ឋាភិបាលទីក្រុងតេហេរ៉ង់ មិនបានធ្វើការអត្ថាធិប្បាយថាតើ លោក Ali Khamenei ពិជាបានចេញ បទបញ្ជាបង្ក្រាបក្រុមបាតុករ ក៏ដូចជាបើកកិច្ចប្រជុំប្រពឹ្រត្តទៅកាលពីថ្ងៃទី១៧ ខែវិច្ឆិកា ដែរឬក៏យ៉ាងណានោះទេ ហើយតំណាងអ៊ីរ៉ង់ប្រចាំ អង្គការសហប្រជាជាតិបានបដិសេធឆ្លើយនឹងសំនួររបស់ Reuters ពាក់ព័ន្ធនឹងបញ្ហានេះ។
គួរបញ្ជាក់ថា បាតុកម្មតវ៉ាដែលផ្ទុះឡើងនៅតាមទីក្រុងជាង១០០ នៅទូទាំងប្រទេសកាលពីថ្ងៃទី១៥ ខែវិច្ឆិកាកន្លងទៅ ត្រូវបានអះអាជ្ញាធរ អ៊ីរ៉ង់បញ្ជាក់ថាមានមនុស្សចូលរួម ២០០,០០០នាក់ ដើម្បីប្រឆាំងជំទាស់នឹងសាំងឡើងថ្លៃ ព្រមទាំងទាមទារឱ្យរដ្ឋាភិបាលធ្វើកំណែទម្រង់ មួយចំនួន។ ប៉ុន្តែ អាជ្ញាធរអ៊ីរ៉ង់បានចោទថាមានបាតុករខ្លះត្រូវបានញុះញង់ ដោយបរទេសក្នុងគោលបំណងផ្ដួលរំលំរដ្ឋាភិបាលសព្វថ្ងៃ ហើយបើទោះជាមិនបានបញ្ជាក់ចំឈ្មោះ ថាជាប្រទេស ឬនរណាឱ្យប្រាកដក៏ដោយ តែប្រព័ន្ធផ្សព្វផ្សាយអ៊ីរ៉ង់ធ្លាប់រាយការណ៍ថា មនុស្សជាច្រើននាក់សង្ស័យជាបណ្ដាញរបស់ CIA អាមេរិក ត្រូវបានចាប់ខ្លួន រីឯអ្នកខ្លះទៀតត្រូវបានកាត់ទោស៕