(ដាម៉ាស់)៖ ក្រុមសកម្មប្រយុទ្ធបានព្យាយាមវាយប្រហារមូលដ្ឋានទ័ពអាកាស ហាមៃមីម (Hmeimim) របស់រុស្ស៊ីនៅក្នុងទឹកដីប្រទេសស៊ីរី ដោយប្រើប្រាស់យន្តហោះដ្រូន ហើយឧបករណ៍ប្រភេទនេះពីរគ្រឿងរួចទៅហើយត្រូវបានបាញ់កម្ទេច។ នេះបើតាមការចេញផ្សាយដោយ Sputnik នាព្រឹកថ្ងៃអង្គារ ទី២៤ ខែធ្នូ ឆ្នាំ២០១៩។
ជុំវិញបញ្ហាខាងលើនេះលោកឧត្តមសេនីយ យូរី បូរិនកូវ (Yury Borenkov) ប្រធានមជ្ឈមណ្ឌលសម្របសម្រួលរបស់រុស្ស៊ី ប្រចាំនៅប្រទេសស៊ីរីបានលើកឡើងថា «កាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៩ នៅពេលព្រលប់បន្តិច ក្រុមសកម្មប្រយុទ្ធបានព្យាយាមវាយប្រហារ លើមូលដ្ឋានទ័ពអាកាស Hmeimin ជាមួយនឹងយន្តហោះដ្រូន UAVs។ ដ្រូនពីរគ្រឿងដែលហោះសំដៅមកមូលដ្ឋានទ័ពអាកាស ត្រូវបានបាញ់កម្ទេចទាន់ពេល ហើយពុំមានគ្រោះថ្នាក់អ្វីត្រូវបានបង្កឡើងនោះឡើយ»។
គួរបញ្ជាក់ថា កាលពីឆ្នាំ២០១៧ ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន បានសម្រេចចិត្ត ដកកងទ័ពរុស្ស៊ីចេញពីស៊ីរី ដែលវាបានកើតឡើងរយៈពេលពីរឆ្នាំក្រោយការប្រយុទ្ធ ប្រឆាំងអង្គការភេរវកម្ម (ISIS) ទទួលបានសម្រេច។ ទោះបីជាបែបនេះក្តី រុស្ស៊ីនៅតែរក្សាកងពលសំខាន់ៗមួយចំនួន ឲ្យបន្តវត្តមាននៅមូលដ្ឋានទ័ព Hmeimim និងតាទូស (Tartus) ដើម្បីគាំទ្រស៊ីរីក្នុងការប្រយុទ្ធ ប្រឆាំងអំពើភេរវកម្ម។ បច្ចុប្បន្នមូលដ្ឋានទ័ពអាកាស Hmeimin មានយន្តហោះចម្បាំង និងឧទ្ធម្ភាគចក្រយោធារុស្ស៊ីសរុប ៣០គ្រឿង៕