(អាមេរិក)៖ ទីប្រឹក្សាសន្តិសុខជាតិអាមេរិកលោក រ៉ូប៊ឺត អូប្រៀន (Robert O'Brien) បានព្រមានរដ្ឋាភិបាលអង់គ្លេសថា សេចក្តីសម្រេចក្នុងការអនុញ្ញាតឲ្យក្រុមហ៊ុនចិន Huawei ចូលរួមក្នុងការតភ្ជាប់បណ្តាញសេវា 5G នៅក្នុងប្រទេសអឺរ៉ុបមួយនេះ វានឹងផ្តល់ហានិភ័យខ្ពស់ ព្រោះទីក្រុងប៉េកាំងអាចចូលទៅលួចយកព័ត៌មានសម្ងាត់ ពីប្រជាពលរដ្ឋអង់គ្លេសបាន។ នេះបើតាមការចេញផ្សាយដោយ Sputnik នាព្រឹកថ្ងៃពុធ ទី២៥ ខែធ្នូ ឆ្នាំ២០១៩។
ការព្រមានរបស់អាមេរិក ទៅលើបណ្តាសម្ព័ន្ធមិត្តរបស់ខ្លួននៅទូទាំងពិភពលោកនេះ គឺស្ទើរតែរាប់មិនអស់ទៅហើយ ប៉ុន្តែសម្រាប់អង់គ្លេសហាក់ច្រើនដងជាងគេបន្តិច។ ទីប្រឹក្សាសន្តិសុខជាតិអាមេរិកលោក អូប្រៀន ថែមទាំងបានក្រើករំលឹកអង់គ្លេសទៀតថា បក្សកុម្មុយនិស្តចិន នឹងលួចរឿងសម្ងាត់ជាតិអង់គ្លេស តាមរយៈការភ្ជាប់បណ្តាញសេវា 5G របស់ក្រុមហ៊ុន Huawei។ ការបញ្ចុះបញ្ចូលរបស់អាមេរិកនេះ គឺធ្វើឡើងចំពេលដែល រដ្ឋាភិបាលលោក បូរីស ចនសុន (Boris Johnson) នៅតែកំពុងពិភាក្សានៅឡើយថា តើត្រូវហាមឃាត់ក្រុមហ៊ុនចិន Huawei មិនឲ្យចូលរួមជាផ្នែកមួយ នៃការផ្គត់ផ្គង់បណ្តាញសេវា 5G នៅអង់គ្លេសដែរ ឬយ៉ាងណា។
គួរបញ្ជាក់ថា ចាប់តាំងពីសហរដ្ឋអាមេរិកដាក់ Huawei ចូលទៅក្នុងបញ្ជីខ្មៅពាណិជ្ជកម្ម កាលពីពាក់កណ្តាលឆ្នាំ២០១៩ គ្មានអាជ្ញាធរអឺរ៉ុបណាមួយ បានរកឃើញភាពមិនប្រក្រតី ឬឧបករណ៍ស៊ើបការណ៍សម្ងាត់អ្វី នៅក្នុងបណ្តាញផ្គត់ផ្គង់សេវាអ៊ីនធើណិតរបស់ Huawei នោះឡើយ។ ការចោទប្រកាន់លើ Huawei អំពីការគំរាមកំហែងសន្តិសុខជាតិអាមេរិក គឺបានកើតមានឡើងចំពេញដែលក្រុមហ៊ុនចិននេះ កំពុងនាំមុខគេដាច់ឆ្ងាយលើការទ្រទ្រង់ សេវា 5G លើពិភពលោក ព្រមទាំងការរីកចំរើនខ្លាំងលើការលក់ Smartphone ផងដែរ៕