(អាមេរិក)៖ ជនជាតិចិនម្នាក់ដែលត្រូវបានកាត់ទោសនៅសហរដ្ឋអាមេរិក នៅក្នុងឆ្នាំ២០១៩នេះ ដោយសារតែរូបគេមានជាប់ពាក់ព័ន្ធទៅនឹងការហេក (Hack) ជាច្រើនករណីធំៗនោះ ថ្មីៗនេះត្រូវបានគេប្រទះឃើញចូលធ្វើការងារ នៅកន្លែងចាស់របស់ខ្លួនវិញហើយ នោះគឺសាលាបង្រៀនជំនាញផ្នែកកុំព្យូទ័រ និងគ្រប់គ្រងប្រព័ន្ធសន្តិសុខអ៊ីនធើណិតផងដែរ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន Reuters នារសៀលថ្ងៃពុធ ទី២៥ ខែធ្នូ ឆ្នាំ២០១៩។
ជនជាតិចិនខាងលើនេះមានឈ្មោះថា យូ ភីងអាន (Yu Pingan) បានជាប់ឃុំខ្លួន នៅក្នុងមជ្ឈមណ្ឌលឃុំខ្លួនសហព័ន្ធ នៃទីក្រុងសានឌីហ្គោ (San Diego) រដ្ឋកាលីហ្វរញ៉ាអស់រយៈពេល ១៨ខែ។ កាលណោះរូបគេបានសារភាពថា ពិតជាបានធ្វើការវាយប្រហារ តាមប្រព័ន្ធកុំព្យូទ័រ ដូចការចោទប្រកាន់មែន។ អតីតគ្រូបង្រៀនថ្នាក់វិទ្យាល័យមួយនេះ ត្រូវបានអាជ្ញាធរអាមេរិកឃាត់ខ្លួន នៅឯអាកាសយានដ្ឋានអន្តរជាតិទីក្រុង ឡូសអាន់ជែឡេស (Los Angeles) កាលពីខែសីហា ឆ្នាំ២០១៧។
លោក យូ ភីងអាន ត្រូវបានកាត់ទោសដោយតុលាការសហព័ន្ធអាមេរិក តាំងតែពីខែកុម្ភៈ ឆ្នាំ២០១៩ មកម្ល៉េះ ដោយស្ថានទម្ងន់ត្រូវបានកាត់បន្ថយទៅតាមពេលវេលាដែលលោក បានជាប់់ឃុំកន្លង ហើយក៏ធ្លាប់ត្រូវបានតុលាការអនុញ្ញាត ឲ្យផ្ទេរទណ្ឌិតរូបនេះទៅកាន់ប្រទេសចិនផងដែរ។ សម្រាប់ជនរងគ្រោះ ដោយសារការហេករបស់ ភីងអាន នោះមានដូចជា ក្រុមហ៊ុនផលិតបន្ទះឈីប Qualcomm Inc, ក្រុមហ៊ុនផលិតឧបករណ៍ថាមពល និងអវកាសសម្រាប់វិស័យការពារជាតិ (Pacific Scientific Energetic Materials Co) និងក្រុមហ៊ុនផលិតហ្គេមស៍ Riot ផងដែរ។
ងាកទៅកាន់ក្រសួងការបរទេសចិនវិញ នៅពេលត្រូវបានសួរនាំអំពីករណីរបស់ ភីងអាន ទីក្រុងប៉េកាំងបានអះអាងថា ខ្លួនមិនទាន់បានស្វែងយល់អំពីរឿងក្តីរបស់ Hacker ចិនរូបនេះឡើយ ប៉ុន្តែរដ្ឋាភិបាលចិនតែងតែប្រឆាំងជានិច្ច ចំពោះសកម្មភាពវាយប្រហារ តាមប្រព័ន្ធអ៊ីនធើណិតទាំងនៅក្នុងប្រទេសចិន ឬក៏ការប្រើប្រាស់បណ្តាញអ៊ីនធើណិតចិន ដើម្បីធ្វើការវាយប្រហារពិភពខាងក្រៅនោះ។
សម្រាប់ឯកសារដែល យូ ភីងអាន បានលួចតាមរយៈការហេកក្រុមហ៊ុន ធំៗ ទាំងប៉ុន្មានខាងលើនេះ គឺមិនត្រូវបានបញ្ជាក់នៅក្នុងសាលក្រមតុលាការនោះឡើយ។ បន្ថែមពីនេះក្រុមហ៊ុន Qualcomm មិនបានអត្ថាធិប្បាយអ្វីឡើយពេលត្រូវបាន អ្នកកាសែតសួរនាំ ប៉ុន្តែខាងក្រុមហ៊ុន Riot បានអះអាងថា ខ្លួនមិនបានខាតបង់អ្វីឡើយ ខណៈក្រុមហ៊ុន Pacific Scientific Energetic Materials Co បានសុំមិនបញ្ចេញមតិយោបល់។
គួរបញ្ជាក់តាមអ្នករាយការណ៍ព័ត៌មានរបស់ Reuters ឲ្យដឹងថា គេបានឃើញ ភីងអាន កំពុងបង្រៀនសិស្សជាធម្មតានៅក្នុងសាលារៀនដដែល កាលពីខែវិច្ឆិកា ឆ្នាំ២០១៩។ ទោះបីជាមិនមានការបញ្ជាក់អំពីស្ថានភាពនេះនៅឡើយក្តី ប៉ុន្តែបើងាកទៅកាន់សាលក្រម តុលាការសហព័ន្ធកាលពីខែកុម្ភៈនោះ លោក យូ ភីងអាន ត្រូវបានបង្គាប់ឲ្យសងប្រាក់ចំនួន ១.១លានដុល្លារអាមេរិក ទៅកាន់ក្រុមហ៊ុនទាំងឡាយដែលខ្លួនបានហេក៕