(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានិយាយថាលោក និងប្រធានាធិបតីចិន លោក ស៊ី ជិនពីង នឹងចូលរួមក្នុងពិធី ចុះហត្ថលេខាមួយ ដើម្បីចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មតំណាក់ទីមួយដែលភាគីទាំង២ បានឯកភាពគ្នានៅក្នុងខែធ្នូនេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃពុធ ទី២៥ ខែធ្នូ ឆ្នាំ២០១៩។
ថ្លែងប្រាប់អ្នកសារព័ត៌មាននៅថ្ងៃអង្គារសប្ដាហ៍នេះ (ម៉ោងនៅវ៉ាស៊ីនតោន) លោក ដូណាល់ ត្រាំ បានលើកឡើងដូច្នេះថា៖« ជាការពិតណាស់
យើងនឹងមានពិធីចុះហត្ថលេខាមួយ ហើយប្រាកដណាស់យើងនឹងចុះហត្ថលេខា (លើកិច្ចព្រមព្រៀងពាណិជ្ជកម្មតំណាក់កាលទីមួយ)។ កិច្ចព្រមព្រៀងត្រូវបានធ្វើឡើងរួចរាល់ហើយ នៅតែការប្រែសម្រួលភាសាតែប៉ុណ្ណោះ»។
គួរបញ្ជាក់ថា លោក ដូណាល់ ត្រាំ មិនបញ្ជាក់លម្អិតពីកាលបរិច្ឆេទនៃការរៀបចំពិធីចុះហត្ថលេខានោះទេ។ ប៉ុន្តែតំណាងពាណិជ្ជកម្មអាមេរិក លោក Robert Lighthizer បានឱ្យដឹងកាលពីថ្ងៃទី១៤ ខែធ្នូថាកិច្ចព្រមព្រៀងពាណិជ្ជកម្មតំណាក់កាលទីមួយ អាចនឹងត្រូវបានចុះហត្ថលេខា នៅក្នុងសប្ដាហ៍ដំបូងនៃខែមករា ឆ្នាំ២០២០៕