(នេប៉ាល់)៖ ជនជាតិចិនចំនួន១២២នាក់ នៅក្នុងប្រទេសនេប៉ាល់ ក្នុងទិដ្ឋាការជាភ្ញៀវទេសចរត្រូវបានឃុំខ្លួន ដោយសង្ស័យប្រព្រឹត្តិអំពើឆបោក តាមប្រព័ន្ធអ៉ិនធើណេត ដោយនេះគឺជាការបង្ក្រាបធំជាងគេបំផុត នៅប្រទេសនេប៉ាល់ ពាក់ព័ន្ធនឹងជនបរទេស, នេះបើយោងតាមសារព័ត៌មាន Channel News Asia ចុះផ្សាយឲ្យដឹង នាយប់ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៩។
ស្ត្រី៨នាក់ ស្ថិតនៅក្នុងចំណោមជនជាតិចិនទាំង១២២នាក់ ត្រូវបានចាប់ខ្លួន នៅក្នុងការឆ្មក់ចូលផ្ទះចំនួន៩កន្លែង នៅរដ្ឋធានី Kathmandu នាថ្ងៃចន្ទ។
ទូរស័ព្ទជាង៧០០គ្រឿង, កុំព្យូទ័រយួរដៃ៣៣១គ្រឿង និងកុំព្យូទ័រលើតុជិត១០០គ្រឿង ត្រូវបានរឹបអូសពីផ្ទះទាំងនោះ។
នេប៉ាល់ បានសម្របសម្រួលជាមួយនឹងការិយាល័យកណ្តាលជាតិ របស់ទីក្រុងប៉េកាំង នៅក្នុងប្រតិបត្តិការនេះ។
ការចាប់ខ្លួនជនជាតិចិននេះ បានធ្វើឡើងក្រោយប៉ុន្មានថ្ងៃ បន្ទាប់ពីជនជាតិចិនជាង៣៤០នាក់ ត្រូវបានចាប់ខ្លួន នៅហ្វីលីពីនក្នុងការឆ្មក់ចូលមួយ ទៅលើអាជីវកម្មល្បែងគ្មានអាជ្ញាប័ណ្ណ។
កាលពីខែមុន ជនជាតិចិនជិត៧០០នាក់ ត្រូវបានចាប់ខ្លួនផងដែរ នៅម៉ាឡេស៊ី នៅពេលដែលអាជ្ញាធរបានបង្ក្រាបទៅលើប្រតិបត្តិការឆបោកតាមប្រព័ន្ធអ៉ិនធើណេតដ៏ធំមួយ៕