(អ៊ីតាលី)៖ រដ្ឋមន្ត្រីអប់រំអ៊ីតាលីលោក ឡរិនហ្សូ ហ្វីអូរ៉ាម៉ុនធី (Lorenzo Fioramonti) បានសម្រេចចិត្តលាលែងចេញពីតំណែងហើយ បន្ទាប់ពីមិនបានទទួលកញ្ចប់ថវិកាគ្រប់គ្រាន់ពីរដ្ឋាភិបាល ដែលលោកផ្ទាល់បានអះអាងថា វាចាំបាច់ក្នុងការកែលម្អវិស័យអប់រំនៅតាមសាលារៀន និងសាកលវិទ្យាល័យនៅទូទាំងប្រទេស។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៦ ខែធ្នូ ឆ្នាំ២០១៩។
លោក Fioramonti បានប្រាប់ Reuters ពីការលាលែងចេញពីតំណែងរបស់លោក នៅថ្ងៃពុធសប្ដាហ៍នេះ (ម៉ោងនៅអ៊ីតាលី) ដោយបានបញ្ជាក់ទៀតថា លោកបានដាក់ពាក្យលាលែង ទៅកាន់នាយករដ្ឋមន្ត្រីអ៊ីតាលីលោក ហ្គីសេពប៉េ ខុនតេ (Giuseppe Conte) កាលពីថ្ងៃទី២៣ ខែធ្នូកន្លងទៅ។ លោករដ្ឋមន្ត្រីអប់រំអ៊ីតាលីរូបនេះបន្ថែមទៀតថា លោកធ្លាប់បានជូនដំណឹងដល់រដ្ឋាភិបាលចម្រុះអ៊ីតាលីថា លោកនឹងចុះចេញពីតំណែង បើសិនជាកញ្ចប់ថវិកាវិស័យអប់រំមិនត្រូវបង្កើនឱ្យដល់ ៣.៣ពាន់លានដុល្លារ ក្នុងកញ្ចប់ថវិកាឆ្នាំ២០២០ ខាងមុខទេនោះ។
ប៉ុន្តែបច្ចុប្បន្នរដ្ឋាភិបាលអ៊ីតាលីត្រូវបានគេមើលឃើញថា មានបំណងដំឡើងពន្ធ និងកាត់បន្ថយចំណាយសាធារណៈ ដែលមិនអាចបំពេញតាមកញ្ចប់ថវិកាលោក Fioramonti ចង់បានឡើយ។ «វាមិនមែនជារឿងគួរឱ្យភ្ញាក់ផ្អើលនោះទេ ដែលរដ្ឋមន្ត្រីម្នាក់គោរពតាមពាក្យសន្យា»។ នេះជាការបញ្ជាក់យ៉ាងខ្លីរបស់លោក Fioramonti។
គួរបញ្ជាក់ថា បើតាមអង្គការកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងអភិវឌ្ឍ OECD អ៊ីតាលីបានចំណាយ ៣.៦ភាគរយនៃប្រាក់ចំណូលក្នុងស្រុកសរុប (GDP) លើវិស័យអប់រំ ចាប់ពីថ្នាក់មតេយ្យ រហូតដល់សាកលវិទ្យាល័យ បើធៀបទៅនឹងប្រទេសចំនួន ៣២ ផ្សេងទៀតក្នុងតំបន់ដែលជាធម្មតាចំណាយ ៥ភាគរយនៃ GDP៕