(ហ្សាការតា)៖ នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៩ នេះគឺជាខួបទី ១៥ឆ្នាំហើយ នៃគ្រោះមហន្តរាយដ៏អាក្រក់បំផុត បង្កឡើងដោយរលកយក្សស៊ូណាមិ ដែលបានផ្តាច់ជីវិតមនុស្សជាង ២៣០,០០០នាក់ក្នុងប្រទេសចំនួន ៤ ស្ថិតនៅជាប់មហាសមុទ្រឥណ្ឌាភាគខាងកើតដូចជា ឥណ្ឌូណេស៊ី ស្រីលង្កា ឥណ្ឌា និងថៃ ហើយក្នុងនោះប្រទេសឥណ្ឌូណេស៊ី បានទទួលរងគ្រោះធ្ងន់ធ្ងរជាងគេបំផុត។
ថ្ងៃនេះកាលពី១៥ឆ្នាំមុន មនុស្សជាង ២០០,០០០នាក់បានបាត់បង់ជីវិតនៅខេត្ត អាសេ (Aceh) លើកោះធំស៊ូម៉ាត្រារបស់ប្រទេសឥណ្ឌូណេស៊ី ដោយសារតែការវាយប្រហារនៃមហារលកយក្ស ដែលកើតឡើងពីគ្រោះរញ្ជួយដីក្រោមបាតសមុទ្រ នៅក្បែរកោះស៊ូម៉ាត្រា ក្នុងកម្រិតរំញ័ររហូតដល់ ៩.១រ៉ិចទ័រឯណោះ។
ហេតុការណ៍គ្រោះមហន្តរាយធម្មជាតិនោះ បានជាប់ឈ្មោះជាព្រឹត្តិការណ៍គ្រោះធម្មជាតិ ដ៏អាក្រក់បំផុតមួយនៅក្នុងប្រវត្តិសាស្រ្ត មនុស្សជាតិលើផែនដី។ ក្រៅពីខេត្ត Aceh របស់ឥណ្ឌូណេស៊ី វាក៏បានបង្កការប៉ះពាល់ធ្ងន់ធ្ងរដល់ស្ថានភាពរស់នៅ និងសេដ្ឋកិច្ចនៃបណ្តាប្រទេសនៅជុំវិញបណ្តោយឆ្នេរ នៃមហាសមុទ្រឥណ្ឌាផងដែរ រួមមានទាំងស្រីលង្កា ឥណ្ឌា និងថៃជាដើម។
នៅក្នុងខេត្ត Aceh រណ្តៅកប់សាកសពធំៗនៅតែអាចរកឃើញទល់សព្វថ្ងៃនេះ។ កាលពីខែធ្នូ ឆ្នាំ២០១៨ សាកសពមនុស្ស ៤៥នាក់ត្រូវបានទាញចេញពីក្នុងដី ដោយក្រុមកម្មករសំណង់ នៃគម្រោងសាងសង់លំនៅឋានមួយក្នុងភូមិឈ្មោះថា ខាចហ៊ូ (Kajhu)។ សពទាំងនោះត្រូវគេជឿថា ជាជនរងគ្រោះនៃព្រឹត្តិការណ៍ រលកស៊ូណាមិឆ្នាំ២០០៤។
គួរជម្រាបថា រហូតមកទល់បច្ចុប្បន្នប្រជាជនឥណ្ឌូណេស៊ី នៅតែចងចាំមិនភ្លេចឡើយ ចំពោះសោកនាដកម្មដ៏ធំនោះ ជាពិសេសសម្រាប់ អ្នកដែលបានរួចរស់ជីវិតពីការវាយប្រហាររបស់រលកយក្ស តែបាត់មនុស្សជាទីស្រឡាញ់របស់ពួកគេ។ ជារៀងរាល់ឆ្នាំ រដ្ឋបាលខេត្ត Aceh តែងប្រារព្ធកម្មវិធីមួយដើម្បីរំលឹកដល់សោកនាដកម្មរញ្ជួយដីនិងរលកស៊ូណាមិឆ្នាំ២០០៤។
សម្រាប់ប្រទេសផ្សេងៗទៀតដែលមានមនុស្សស្លាប់ ដោយសារតែរលកយក្សស៊ូណាមិកាលពីឆ្នាំ២០០៤ ផងដែរនោះគឺមាន ស្រីលង្កាចំនួនជាង ៣៦,០០០នាក់, ប្រទេសឥណ្ឌាជាង ១៦,០០០នាក់់, ប្រទេសថៃជាង៨,៥០០នាក់, សូម៉ាលី១៥០នាក់, ម៉ាល់ឌីវ៨២នាក់, ម៉ាឡេស៊ី៦៨នាក់, មីយ៉ាន់ម៉ា៥៩នាក់, តង់ហ្សានៀ១០នាក់, សីឈែល (Seychelles) ០៣នាក់, បង់ក្លាដែស២នាក់ និងកេនយ៉ាម្នាក់៕