(សេអ៊ូល)៖ កាដូដែលកូរ៉េខាងជើងសន្យាផ្ញើឱ្យសហរដ្ឋអាមេរិក ក្នុងថ្ងៃបុណ្យណូអែល (ថ្ងៃទី២៥ ខែធ្នូ) មិនបានកើតមានឡើងនោះឡើយ ប៉ុន្តែនេះមិនមែនមានន័យថា សា្ថនភាពតានតឹងត្រូវបញ្ចប់នោះទេ ដោយក្រុមអ្នកជំនាញជាច្រើនយល់ថា ទីក្រុងព្យុងយ៉ាងនឹងប្រកាសពីសម្រេចចិត្តមួយដ៏ធំ ក្រោយកិច្ចប្រជុំពេញអង្គនៃគណបក្សពលករ ឬកំឡុងការថ្លែងសារចូលឆ្នាំថ្មីរបស់លោក គីម ជុងអ៊ុន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានយ៉ុនហាប់ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី២៦ ខែធ្នូ ឆ្នាំ២០១៩។
ទីក្រុងព្យុងយ៉ាងបានសន្យាផ្ញើកាដូបុណ្យណូអែល ឱ្យសហរដ្ឋអាមេរិក នៅពេលដែលអនុរដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើង លោក រី ថេសុង (Ri Thae-song) បានព្រមានថា កាដូដែលនឹងត្រូវផ្ញើឱ្យអាមេរិកគឺអាស្រ័យលើទង្វើរបស់ទីក្រុងវ៉ាស៊ីនតោនថា តើពួកគេឆ្លើយតបយ៉ាងដូចម្ដេច ចំពោះការដាក់ឱសានវាទពីសំណាក់លោក គីម ជុងអ៊ុន នៅត្រឹមចុងឆ្នាំ២០១៩នេះ ដើម្បីបើកកិច្ចចរចារនុយក្លេអ៊ែរឡើងវិញ។ ក្រោយការព្រមាន របបដឹកនាំ លោក គីម បានដឹកនាំការធ្វើតេស្ដចំនួនពីរលើកនៅក្នុងខែធ្នូនេះ ដែលទំនងជាម៉ាស៊ីនគ្រាប់រ៉ុក្កែត នៅឯទីតាំងបាញ់បង្ហោះផ្កាយរណប សូហេ (Sohae) ខណៈក្រុមអ្នកជំនាញសន្និដ្ឋានថា ជាការត្រៀមលក្ខណៈធ្វើតេស្ដមីស៊ីលអន្តរទ្វីប ICBM។
ប៉ុន្តែនៅយប់ថ្ងៃទី២៥ ខែធ្នូ (ម៉ោងនៅឧបទ្វីបកូរ៉េ) ការធ្វើតេស្ដអាវុធ ឬកាដូដែលកូរ៉េខាងជើងសន្យាឱ្យសហរដ្ឋអាមេរិក ក្នុងថ្ងៃបុណ្យណូអែល មិនបានកើតឡើងឡើយ។ តែយ៉ាងណាក៏ដោយ បើតាមក្រុមអ្នកជំនាញ អ្វីដែលគេកំពុងអ៊ុតមើលនោះ គឺកិច្ចប្រជុំពេញអង្គនៃគណបក្សពលកររ៉េ នៅចុងខែធ្នូនេះ និងការថ្លែងសារចូលឆ្នាំថ្មីរបស់លោក គីម ជុងអ៊ុន ជាពេលវេលាដែលលោក ត្រូវបានគេរំពឹងថា នឹងប្រកាសពីការសម្រេចចិត្តធំ ក្នុងនោះរួមមានអាចជាការបញ្ចប់កិច្ចចរចានុយក្លេអ៊ែរ ឬក៏ដកចោលការរឹតត្បិតលើការធ្វើតេស្ដអាវុធនុយក្លេអ៊ែរ និងមីស៊ីល ICBM ដែលបានព្រមព្រៀងជាមួយលោក ដូណាល់ ត្រាំ៕