(គូឡាឡាំពួ)៖ នៅទីបំផុតរដ្ឋមន្ត្រីក្រសួងអប់រំម៉ាឡេស៊ីលោក ម៉ាស់ស្ល៊ី ម៉ាលីក (Maszlee Malik) បានយល់ព្រមដាក់ពាក្យស្នើសុំលាលែង ចេញពីតំណែងហើយ ទៅកាន់លោកនាយករដ្ឋមន្ត្រី មហាធៀ មហាំម៉ាត់ បន្ទាប់ពីលោកបានទទួលរងការរិះគន់កាន់តែច្រើនពីមហាជន ពាក់ព័ន្ធការខ្វះសមត្ថភាព និងមិនអាចធ្វើកំណែទម្រង់វិស័យអប់រំដូចការសន្យា។ នេះបើតាមការចេញផ្សាយដោយ CNA នាល្ងាចថ្ងៃព្រហស្បតិ៍ ទី០២ ខែមករា ឆ្នាំ២០១៩។
តាមរយៈសន្និសីទសារព័ត៌មានមួយ នៅថ្ងៃព្រហស្បតិ៍នេះក្នុងរដ្ឋធានីគូឡាឡាំពួ លោកបណ្ឌិត ម៉ាស់ស្ល៊ី ម៉ាលីក រដ្ឋមន្ត្រីក្រសួងអប់រំម៉ាឡេស៊ីបានលើកឡើងយ៉ាងដូច្នេះថា «ក្រោមដំបូន្មានរបស់បណ្ឌិត មហាធៀ ដែលខ្ញុំចាត់ទុកដូចលោកឪពុក និងជាមេដឹកនាំដ៏អស្ចារ្យមួយរូបរបស់រដ្ឋ ខ្ញុំ ម៉ាស់ស្ល៊ី ម៉ាលីក សូមប្រគល់តំណែងជារដ្ឋមន្ត្រីអប់រំនេះ ជូនលោកនាយករដ្ឋមន្ត្រីវិញ ប្រកបដោយជាមួយបេះដូងដ៏កក់ក្តៅ និងមុះមុត»។
គួរបញ្ជាក់ថា ក្រោយពីគណបក្សផាកាតាន់ហារ៉ាផាន់ (Pakatan Harapan) របស់លោក មហាធៀ មហាំម៉ាត់ ឈ្នះឆ្នោតកាលពីឆ្នាំ២០១៨ និងដឹកនាំរដ្ឋាភិបាលចំរុះនោះ លោក ម៉ាស់ស្ល៊ី ម៉ាលីក ត្រូវបានតែងតាំងជារដ្ឋមន្ត្រីក្រសួងអប់រំក្រោមការប្តេជ្ញាថា លោកនឹងធ្វើកំណែទម្រង់ស៊ីជម្រៅ ដើម្បីកែលម្អប្រព័ន្ធអប់រំម៉ាឡេស៊ីឡើងវិញ។ ប៉ុន្តែអ្វីៗមិនបានប្រព្រឹត្តទៅតាមការសន្យានោះឡើយ ដោយលោក ម៉ាស់ស្ល៊ី ម៉ាលីក បានទទួលរងការរិះគន់កាន់តែខ្លាំងឡើងៗ អំពីការបង្វែចំណាប់អារម្មណ៍មហាជន ឲ្យទៅខ្វាយខ្វល់លើបញ្ហាអ្វីផ្សេងៗវិញ ហើយខកខានមិនបានបំពេញតាមការសន្យា រហូតឈានដល់មានញ្ញតិត្រូវបាន ដាក់ជាបន្តបន្ទាប់ ដើម្បីស្នើឲ្យរដ្ឋាភិបាលលោក មហាធៀ ដករដ្ឋមន្ត្រីក្រសួងអប់រំរូបនេះចេញពីតំណែង៕