(វៀងច័ន្ទ)៖ ក្រុមអ្នកស្រាវជ្រាវបានឡើងថា រណ្តៅអាចម៍ផ្កាយអាថ៌កំបាំង ដែលបានចៀសផុតពីការតាមរក អស់រយៈពេលជាងមួយសតវត្សរ៍មកហើយ បើទោះបីជាភស្តុតាងបានចង្អុលបង្ហាញជាយូរមកហើយថា វាអាចស្ថិតនៅទីតាំងណាមួយ ក្នុងតំបន់ឥណ្ឌូចិននោះ នៅទីបំផុតវាត្រូវបានរកឃើញហើយក្នុងទឹកដីឡាវ។ នេះបើតាមការចេញផ្សាយដោយ Sputnik នាថ្ងៃព្រហស្បតិ៍ ទី០២ ខែមករា ឆ្នាំ២០២០។
ក្រុមអ្នកវិទ្យាសាស្ត្រអន្តរជាតិមួយក្រុម បានរកឃើញរណ្តៅអាចម៍ផ្កាយអាថ៌កំបាំង បង្កឡើង ដោយអាចម៍ផ្កាយធំមួយ ដែលបានវាយប្រហារភពផែនដី។ យោងតាមទិន្នន័យសិក្សាមានឈ្មោះថា PNAS ផលប៉ះពាល់នៃអាចម៍ផ្កាយធំមួយនេះ អាចត្រូវបានគេសង្កេតឃើញ ប្រហែលជាមួយភាគដប់នៃផ្ទៃផែនដីទាំងមូលឯណោះ។ យើងម្នាក់ៗអាចសួរថា ហេតុអ្វីបានជាអ្នកស្រាវជ្រាវមិនបានកត់សម្គាល់ឃើញ រណ្តៅដ៏ធំមួយនេះដែលមានទទឹងប្រហែល ១៣ គីឡូម៉ែត្រនិងបណ្តោយ ១៧ គីឡូម៉ែត្រកាលពីមុន? ចម្លើយនោះគឺដោយសារតែវា ត្រូវបានកប់នៅក្រោមកម្អែរអាចម៍ផ្កាយ និងកម្ទេចដីក្រោយការប៉ះទង្គិចដ៏ក្តៅគគុក។
ដូច្នេះតើក្រុមអ្នកវិទ្យាសាស្ត្ររកឃើញ រណ្តៅយក្សខាងលើនេះដោយរបៀបណា? អ្នកវិទ្យាសាស្ត្រអាចដឹងថា ការប៉ះទង្គិចនេះនឹងជះលទ្ធផលដូចផ្នែកភូមិសាស្ត្រ និងសណ្ឋានដីត្រង់កន្លែងដែលអាចម៍ផ្កាយបុកចំ ដែលជាលទ្ធផលបង្កើត លោហធាតុ-កញ្ចក់ធម្មជាតិ ដែលត្រូវបានបញ្ចេញក្រោយអាចម៍ផ្កាយធ្លាក់។
ដោយសិក្សាអំពីគំរូវិភាគទាំងនោះ អ្នកវិទ្យាសាស្ត្រអាចធ្វើការកំណត់ ប្រកបដោយភាគរយត្រឹមត្រូវខ្ពស់ នៅពេលដែលវត្ថុអវកាសផ្សេងៗ បានធ្លាក់ចូលក្នុងភពផែនដីរបស់យើង។ ក្រុមអ្នកស្រាវជ្រាវជឿថា អាចម៍ផ្កាយខាងលើនេះបានធ្លាក់ទៅដល់ដី ដែលត្រូវបានគេស្គាល់ថាជាប្រទេសឡាវបច្ចុប្បន្ន កាលពី ៧៩០,០០០ឆ្នាំមុន។
លើសពីនេះទៀត ក្រុមអ្នកវិទ្យាសាស្ត្របានប្រើប្រាស់វិធីវាស់ស្ទង់ទំនាញ នៅតំបន់ខាងលើនេះនៃប្រទេសឡាវផងដែរ ដើម្បីស្វែងយល់បន្ថែមថា តើទំនាញនៅទីនោះមានភាពប្រក្រតីដែរឬទេ ទើបអាចម៍ផ្កាយធំបែបនេះត្រូវបានកប់បាត់ ដែលពិបាកក្នុងការស្វែងរកជាង ១០០ឆ្នាំទៅហើយនោះ។
គួរបញ្ជាក់ថា តំបន់ដែលត្រូវបានរកឃើញថា មានកប់អាចម៍ផ្កាយធំបំផុតនេះ គឺស្ថិតនៅខ្ពង់រាប Bolaven ស្ថិតក្នុងខេត្តចម្ប៉ាសាក់ នៃភាគខាងត្បូងប្រទេសឡាវ ដែលជាតំបន់មានទឹកជ្រោះ ដងភ្នំដ៏ស្រស់ស្អាត ព្រមទាំងជាកន្លែងដាំកាហ្វេដ៏ល្បីល្បាញបំផុតផងដែរ៕