(វ៉ាស៊ីនតោន)៖ មន្ទីរបញ្ចកោណនៃក្រសួងការពារជាតិអាមេរិក និងកងកម្លាំងឆ្មាំបដិវត្តន៍អ៉ីរ៉ង់ផ្ទាល់បានទទួលស្គាល់ហើយថា លោកឧត្ដមសេនីយ៍ កាស្សេម សូឡៃមេនី (Qassem Soleimani) ដែលជាប្រមុខកងអង្គភាពពិសេស (Quds Force) នៃកងកម្លាំងឆ្មាំបដិវត្តន៍អ៉ីរ៉ង់ ពិតជាត្រូវបានសម្លាប់នៅក្នុងការវាយប្រហារតាមផ្លូវអាកាសរបស់អាមេរិកលើក្បូនរថយន្ដមួយ នៅឯអាកាសយានដ្ឋានអន្តរជាតិ ទីក្រុងបាកដាដ ប្រទេសអ៉ីរ៉ាក់ប្រាកដមែន ហើយអ៉ីរ៉ង់ក៏បានព្រមានសងសឹកអាមេរិកវិញផងដែរ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅព្រឹកថ្ងៃសុក្រ ទី០៣ ខែមករា ឆ្នាំ២០២០។
ឧត្ដមសេនីយ៍លោក Qassem Soleimani រួមជាមួយមនុស្ស ០៦នាក់ផ្សេងទៀត ក្នុងនោះរួមមានទាំងលោក អាបូ ម៉ាហ៍ឌី អាល់មូហាន់ឌីស (Abu Mahdi al-Muhandis) ដែលជាមេបញ្ជាការនៃកងកម្លាំងចលនាប្រជាជនអ៊ីរ៉ាក់ ត្រូវបានគេអះអាងថា បានស្លាប់នៅក្នុងការវាយប្រហារតាមផ្លូវអាកាសដឹកនាំដោយ សហរដ្ឋអាមេរិក នៅឯអាកាសយានដ្ឋានអន្តរជាតិទីក្រុងទីក្រុងបាកដាដ នៅថ្ងៃសុក្រនេះ។
នៅក្នុងសេចក្ដីថ្លែងការណ៍ជុំវិញការវាយប្រហារនេះ មន្ទីរបញ្ចកោណបានទទួលស្គាល់ថា លោក Soleimani ពិតជាត្រូវបានសម្លាប់ប្រាកដមែន នៅក្នុងការវាយប្រហារតាមផ្លួវអាកាស ដែលជាការបញ្ជាដោយផ្ទាល់ ពីសំណាក់លោកប្រធានាធិបតី ដូណាល់ ត្រាំ។
សេចក្ដីថ្លែងការណ៍ដដែលបានបញ្ជាក់ច្បាស់ៗដូច្នេះថា «តបតាមបញ្ជាដោយផ្ទាល់ ពីលោកប្រធានាធិបតី ដូណាល់ ត្រាំ យោធាអាមេរិកបានដឹកនាំសកម្មភាព ការពារកងទ័ពអាមេរិកនៅបរទេស ដោយបានសម្លាប់មេបញ្ជាការអ៊ីរ៉ង់ Qasem Soleimani។ ការវាយប្រហារនេះគឺមានគោលបំណងបង្រ្កាប ផែនការវាយប្រហារនានា របស់អ៊ីរ៉ង់មកលើកងទ័ពអាមេរិក ហើយមិនតែប៉ុណ្ណោះសហរដ្ឋអាមេរិក នឹងបន្តចាត់រាល់វិធានការចាំបាច់ ដើម្បីការពារប្រជាជនរបស់យើង និងផលប្រយោជន៍អាមេរិក មិនថានៅទីណានោះទេនៅលើពីភពលោក»។
ចំណែកឯកងកម្លាំងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ ក៏បានទទួលស្គាល់ពីមរណភាពរបស់លោក Qasem Soleimani ជាមួយការព្រមានថា នឹងចាត់វិធានការសងសឹកសហរដ្ឋអាមេរិកវិញ។
គួរបញ្ជាក់ថា ការវាយប្រហារតាមផ្លូវអាការសម្លាប់លោក Qasem Soleimani របស់សហរដ្ឋអាមេរិក ធ្វើឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះបន្ទាប់ពីលោក ដូណាល់ ត្រាំ ចោទប្រកាន់ថា អ៊ីរ៉ង់គឺជាអ្នកនៅពីក្រោយការវាយប្រហារ និងបាតុកម្មបំផ្លាញស្ថានទូតអាមេរិកប្រចាំទីក្រុងបាកដាដ ប្រទេសអ៊ីរ៉ាក់៕