(វ៉ាស៊ីនតោន)៖ រដ្ឋបាលអាកាសចរណ៍ស៊ីវិលអាមេរិក (FAA) បានចេញបម្រាមហើយ ដោយហាមយន្ដហោះដឹកអ្នកដំណើរអាមេរិកទាំងអស់ ធ្វើប្រតិបត្តិការហោះហើរនៅក្នុងដែនអាកាសនៅប្រទេសអ៊ីរ៉ាក់ អ៊ីរ៉ង់ និងតំបន់ឈូងសមុទ្រអូម៉ង់ ព្រមទាំងដែនទឹកចន្លោះអ៊ីរ៉ង់ និងអារ៉ាប៊ីសាអូឌីត ដោយសារខ្លាចក្រែងមានគ្រោះថ្នាក់ណាមួយ កើតឡើងជាយថាហេតុបន្ទាប់ពីយោធាអ៊ីរ៉ង់ បើកការវាយប្រហារលើមូលដ្ឋានទ័ពអាមេរិកនៅអ៊ីរ៉ាក់។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃពុធ ទី០៨ ខែមករា ឆ្នាំ២០២០។
បើតាមទូរទស្សន៍រដ្ឋអ៊ីរ៉ង់ មូលដ្ឋានទ័ពអាមេរិកអេនអាល់អាស្សាដ (Ain al-Asad) នៅក្នុងខេត្ត អានបា (Anbar) និងមូលដ្ឋានទ័ពមួយទៀតនៅក្នុងទីក្រុង អឺប្រ៊ីល (Erbil) បានរងការវាយប្រហារដោយគ្រាប់មីស៊ីលជាង ៣០គ្រាប់នៅព្រឹកថ្ងៃពុធនេះ។ ប៉ុន្តែ មន្ទីរបញ្ចកោណអះអាងថាមានតែ១៥គ្រាប់ប៉ុណ្ណោះ ហើយបើតាមប្រភពដែលទូរទស្សន៍ អាមេរិក Fox News ទទួលបានមិនមានកងទ័ពអាមេរិកណាមួយបាត់បង់ជីវិតនោះទេ។
ឆ្លើយតបនឹងភាពតានតឹងនេះ រដ្ឋបាលអាកាសចរណ៍ស៊ីវិលអាមេរិក បានចេញបម្រាមហាមយន្ដហោះដឹកអ្នកដំណើរអាមេរិកទាំងអស់ ធ្វើប្រតិបត្តិការហោះហើរនៅក្នុងដែនអាកាស នៅប្រទេសអ៊ីរ៉ាក់ អ៊ីរ៉ង់ និងតំបន់ឈូងសមុទ្រអូម៉ង់ ព្រមទាំងដែនទឹកចន្លោះអ៊ីរ៉ង់ និងអារ៉ាប៊ីសាអូឌីត ហើយថាខ្លួននឹងតាមដានយ៉ាងយកចិត្តទុកដាក់ លើការវិវត្តន៍ស្ថានការណ៍បច្ចុប្បន្ន នៅក្នុងតំបន់មជ្ឈិមបូព៌ា ក៏ដូចជាការធ្វើការសម្របសម្រួលជាមួយ ក្រុមហ៊ុនអាកាសចរណ៍អាមេរិកទាំងអស់ និងអាជ្ញាធរបរទេសពីសុវត្ថិភាពហោះហើរ។
ចំណែកឯក្រុមហ៊ុនអាកាសចរណ៍សិង្ហបុរី Singapore Airlines ក៏បានបញ្ជាក់ដែរថា ខ្លួនសម្រេចបង្វែរផ្លូវហោះហើរទាំងអស់ ចេញពីដែនអាកាសអ៊ីរ៉ង់។ ដោយឡែកអាកាសចរណ៍អន្តរជាតិផ្សេងទៀតនៅអឺរ៉ុប និងអាស៊ីក៏នឹងអាចចាត់វិធានការណ៍ដូចគ្នា ជាបន្តបន្ទាប់ផងដែរ ចំពោះមុខស្ថានការណ៍ក្តៅគគុកនៅអ៊ីរ៉់ាក់ និងអ៊ីរ៉ង់នេះ។
គួរជម្រាបថា ក្រោយការវាយប្រហារលើមូលដ្ឋានទ័ពអាមេរិក កងកម្លាំងឆ្មាំបដិវត្តន៍អ៊ីរ៉ង់បានគំរាមធ្ងន់ៗថា ខ្លួននឹងបើកការវាយប្រហារលើទីក្រុងឌូបៃ នៃប្រទេសអេមីរ៉ាត់អារ៉ាប់រួម និងទីក្រុង ហាអ៊ីហ្វា (Haifa) របស់ប្រទេសអីស្រាអែល ហើយអាចនឹងវាយប្រហារទ្រង់ទ្រាយធំ ទៅលើទឹកដីអាមេរិកតែម្ដង បើសិនជាទីក្រុងវ៉ាស៊ីនតោនហ៊ានចាត់វិធានការសងសឹក ខណៈយន្ដហោះចម្បាំងអាមេរិក និងអ៊ីរ៉ង់ត្រូវបានគេរាយការណ៍ថា កំពុងស្ថិតនៅក្រោមលក្ខណៈប្រុងជើងការកម្រិតខ្ពស់៕