(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានដកខ្លួនចេញពីមាត់ជ្រោះ នៃសង្គ្រាមជាមួយអ៉ីរ៉ង់ហើយ តាមរយៈសន្និសីទសារព័ត៌មានធំមួយនៅថ្ងៃពុធសប្តាហ៍នេះ (ពេលវេលានៅវ៉ាស៊ីនតោន) ដោយលោកផ្ទាល់បានសង្កត់ធ្ងន់ថា ក្រុងតេហេរ៉ង់ហាក់ដូចជា «កំពុងដកថយហើយ» បន្ទាប់ពីបានបាញ់គ្រាប់មីស៊ីលដោយ មិនបានបង្កគ្រោះថ្នាក់ដល់ទាហានអាមេរិក ដែលមានមូលដ្ឋាននៅអ៊ីរ៉ាក់នោះ។ នេះបើតាមការចេញផ្សាយដោយ CNA នាព្រឹកថ្ងៃព្រហស្បតិ៍ ទី០៩ ខែមករា ឆ្នាំ២០២០។
នៅក្នុងសុន្ទរកថា ចំពោះមុខបណ្តាញសារព័ត៌មានធំៗនៅអាមេរិក ចេញពីសេតវិមាននៃរដ្ឋធានីវ៉ាស៊ីនតោន លោក ដូណាល់ ត្រាំ បានបញ្ជាក់ច្បាស់ៗថា មិនមានជនជាតិអាមេរិកណាម្នាក់ បានរងគ្រោះថ្នាក់ដោយសារគ្រាប់មីស៊ីល ដែលមានគោលដៅវាយប្រហារ ទៅលើមូលដ្ឋានចំនួនពីររបស់អាមេរិកឡើយ។ លោក ត្រាំ ថ្លែងយ៉ាងដូច្នេះថា «គ្មានជនជាតិអាមេរិកណាម្នាក់ បានរងគ្រោះដោយសារការវាយប្រហារកាលពីយប់មិញ ដោយរបបដឹកនាំអ៉ីរ៉ង់ឡើយ។ អ៉ីរ៉ង់ហាក់ដូចជាដកថយហើយ ដែលនេះគឺជាអ្វីមួយដែលល្អសម្រាប់គ្រប់ភាគី និងល្អខ្លាំងសម្រាប់ពិភពលោកទាំងមូល...»។
ក្រៅពីការសន្យាថា នឹងទណ្ឌកម្មសេដ្ឋកិច្ចភ្លាមៗទៅលើប្រទេសអ៉ីរ៉ង់នោះ លោក ដូណាល់ ត្រាំ ក៏បានបង្ហាញសញ្ញាស្វាគមន៍ផងដែរ ចំពោះអ្វីដែលលោកផ្ទាល់លើកឡើងថា ជាការដកថយរបស់អ៉ីរ៉ង់ ចេញពីការប្រឈមមុខដាក់គ្នា។ ការលើកឡើងរបស់លោក ដូណាល់ ត្រាំ នៅក្នុងសន្និសីទសារព័ត៌មាននេះ ត្រូវបានអ្នកវិភាគមើលឃើញថា ជាការបញ្ចុះកម្តៅដែលបានវិវឌ្ឍន៍ទៅជាក្តៅគគុក ក្រោយការធ្វើឃាតមេទ័ពអ៊ីរ៉ង់ លោក កាស្សេម សូឡៃមេនី (Qassem Soleimani) ក្នុងទឹកដីអ៊ីរ៉ាក់កាលពីថ្ងៃសុក្រសប្តាហ៍មុន និងក្រោយអ៊ីរ៉ង់ធ្វើការសងសឹកដោយបាញ់មីស៊ីល ១៥គ្រាប់ (តាមតួលេខរបស់អាមេរិក) មកលើមូលដ្ឋានទ័ពអាមេរិកពីរកន្លងក្នុងទឹកដីអ៊ីរ៉ាក់ ប៉ុន្តែអាមេរិកបានបញ្ជាក់ថា ពុំមានទាហានខ្លួនណាម្នាក់ស្លាប់ ឬក៏រងរបួសនោះឡើយ ខណៈអ៊ីរ៉ង់បានអះអាងថា ទាហានអាមេរិករហូតដល់ ៨០នាក់បានស្លាប់៕