(ទីក្រុងប៉េកាំង)៖ មេរោគដ៏អាថ៌កំបាំងមួយ ដែលអ្នកវិទ្យាសាស្ត្រមិនធ្លាប់ស្គាល់ពីមុនមក បាននិងកំពុងបង្កជំងឺរលាកសួតធ្ងន់ធ្ងរនៅក្នុងទីក្រុង វូហាន (Wuhan) ប្រទេសចិន ដោយគិតមកទល់នឹងពេលនេះមានមនុស្សច្រើនជាង ៥០នាក់បានឆ្លងមេរោគនេះ ហើយក្នុងនោះមាន ០៧នាក់កំពុងស្ថិតនៅក្នុងស្ថានភាពធ្ងន់ធ្ងរ។ អ្នកជំងឺដែលគេរកឃើញថា ឆ្លងមេរោគនេះមានអាការៈផ្ដាសាយ កណ្ដាស ក្ដៅខ្លួន ក្អក និងអស់កម្លាំង ដែលធ្វើឱ្យអ្នកជំងឺមិនសូវចាប់អារម្មណ៍ នឹងរោគសញ្ញាធម្មតាទាំងនេះ។ ប៉ុន្តែវាអាចបង្កគ្រោះថ្នាក់ដល់អាយុជីវិត នៅពេលដែលមេរោគបំផ្លាញប្រព័ន្ធផ្លូវដង្ហើមរបស់មនុស្ស តាមរយៈជំងឺរលាកសួតធ្ងន់ធ្ងរ។

* តើមេរោគនេះគឺជាអ្វីឲ្យប្រាកដ?

សំណាកនៃមេរោគថ្មីត្រួវបានយកចេញពីអ្នកជំងឺ និងកំពុងត្រូវបានគេវិភាគនៅក្នុងមន្ទីរពិសោធន៍។ ចំណែកឯក្រុមមន្ត្រីសុខាភិបាល នៅក្នុងប្រទេសចិន និងអង្គការសុខភាពពិភពលោក (WHO) បានសន្មត់ថា មេរោគថ្មីនេះគឺជាអម្បូរមេរោគ ខូរ៉ូណាវីរុស (Corona Viruses) ដែលជាអម្បូរគ្រួសារនៃមេរោគ ដោយបច្ចុប្បន្នមានអំម្បូរចំនួន ០៦តែប៉ុណ្ណោះ ត្រូវបានគេទទួលស្គាល់ថា ចម្លងទៅមនុស្សហើយមេរោគថ្មីនេះអាចនឹងធ្វើឱ្យ Coronaviruses កើនដល់ 0៧។ ជំងឺរលាកផ្លូវដង្ហើមធ្ងន់ធ្ងរ ឬគេស្គាល់ថា Sars ដែលបង្ក ឡើងដោយ Coronavirus ម្យ៉ាងបានសម្លាប់មនុស្ស ៧៧៤នាក់ ក្នុងចំណោមមនុស្ស ៨,០៩៨នាក់ ដែលបានឆ្លងមេរោគនេះដែលផ្ទុះឡើងដំបូងក្នុងប្រទេសចិនកាលពីឆ្នាំ២០០២។

* តើវីរុសនេះពិតជាធ្ងន់ធ្ងរណាស់មែនទេ?

Coronaviruses អាចបង្កឱ្យរោគសញ្ញានៃអាការៈចាប់ពីផ្ដាសាយធម្មតា រហូតដល់បង្កឱ្យមានគ្រោះថ្នាក់ដល់អាយុជីវិត។ តែវីរុសថ្មីនេះ ត្រូវបានគេមើលឃើញថា ស្ថិតក្នុងអាត្រា ៥០-៥០។ លោក ម៉ាក វូលហោស (Mark Woolhouse) ជាសាស្ត្រាចារ្យម្នាក់មកពីសាកលវិទ្យាល័យ អេឌីនប៊ឺក (University of Edinburgh) បានបញ្ជាក់ដូច្នេះថា «នៅពេលដែលយើងឃើញ Coronavirus ថ្មីនេះយើងចង់ដឹងថា តើវាមានធ្ងន់ធ្ងរដល់កម្រិតណា? មេរោគថ្មីនេះមានរោគសញ្ញាស្រដៀងនឹងជំងឺផ្ដាសាយ ហើយគួរឱ្យព្រួយបារម្ភ។ ប៉ុន្តែវាមិនធ្ងន់ធ្ងរដូចជំងឺ Sars នោះទេ។

* តើមេរោគនេះមានប្រភពដើមមកពីណា?

មេរោគថ្មីនេះអាចឆ្លងពីសត្វម្យ៉ាងទៅកាន់មនុស្ស។ «បើសិនជាយើងគិតពីការផ្ទុះរាលដាលកាលពីអតីតកាល មេរោគថ្មីនេះអាចមានប្រភពមកពីសត្វ ដែលមានផ្ទុកមេរោគ» ។ នេះបើតាមលោកសាស្ត្រាចារ្យ ចូណាថាន់ បល (Jonathan Ball) ជាអ្នកឯកទេសរោគសាស្រ្តមកពីសាកលវិទ្យាល័យ ណូតធីងហាម (Nottingham)។ ជាឧទាហរណ៍ជំងឺ Sars គឺឆ្លងពីសត្វសំពោច (civet cat) ទៅមនុស្ស ហើយជំងឺផ្លូវដង្ហើមមជ្ឈិមបូព៌ា ឬ MERS ដែលបានសម្លាប់មនុស្ស ៨៥៨នាក់ ក្នុងចំណោមអ្នកឆ្លងមេរោគនេះ ២,៤៩៤នាក់ ចាប់តាំងពីវាផ្ទុះឡើងដំបូងនៅឆ្នាំ២០១២ គឺឆ្លងពីសត្វអូដ្ឋ (Dromedary) ទៅមនុស្ស។

* តើមេរោគថ្មីនេះឆ្លងពីសត្វអ្វី?

ការផ្ទុះឡើងនូវមេរោគថ្មីត្រូវបានគេសង្ស័យថា មានជាប់ពាក់ព័ន្ធនឹងផ្សារលក់បោះដុំគ្រឿងសមុទ្រភាគខាងត្បូងប្រទេសចិន (South China Seafood Wholesale Market) ស្ថិតនៅក្នុងទីក្រុងវូហាន (Wuhan)។ ប៉ុន្តែ ខណៈថនិកសត្វសមុទ្រមួយចំនួន ដែលអាចផ្ទុកមេរោគ Coronaviruses ដូចជាត្រីបាឡែន បែលូកា (Beluga) ផ្សារនេះក៏មានដាក់លក់សត្វរស់ដូចជា មាន់ ទន្សាយ ពស់ និងប្រចៀវ ដែលទំនងជាប្រភពចម្លងមេរោគនេះ។

* ហេតុអ្វីបានជាមេរោគប្រភេទនេះ កកើតឡើងនៅប្រទេសចិន?

បើតាមលោកសាស្ត្រាចារ្យ Mark Woolhouse មេរោគនេះកើតនៅប្រទេសចិន ដោយសារតែទំហំ និងដង់សីតេរបស់ប្រជាជន និងការទាក់ទងស្និទ្ធស្នាលជាមួយសត្វដែល មានផ្ទុកមេរោគ។

* តើមេរោគថ្មីឆ្លងទៅមនុស្សដោយរបៀបណាខ្លះ?

អាជ្ញាធរចិនបានបញ្ជាក់ថា មេរោគថ្មីនេះហាក់ដូចជាមិនឆ្លងពីមនុស្សម្នាក់ ទៅមនុស្សម្នាក់នោះទេ ដោយសំអាងថា បើសិនជាមានករណីនេះមែន នោះបុគ្គលិកសុខាភិបាល ដែលមានទំនាក់ទំនងជាមួយនាក់ជំងឺ ប្រហែលជាឆ្លងមេរោគនេះមិនខាន។ តែយ៉ាងណាក៏ដោយ អ្នកជំនាញសុខាភិបាលមួយចំនួនបានព្រមានថា វាដូចជាលឿនពេក ហើយក្នុងការស្វែងយល់ ឬដើម្បីដឹងថា តើមេរោគនេះឆ្លងពីមនុស្សទៅមនុស្សដែរឬទេ?
«ខ្ញុំសុខចិត្តប្រយ័ត្នប្រយែងជាជាងសង្ស័យ... ម្យ៉ាងទៀតវាដូចជាលឿនពេកហើយ ក្នុងការសន្និដ្ឋាន ឬនិយាយពីលទ្ធភាពពីមនុស្សទៅមនុស្សនៃមេរោគនេះ ព្រោះភាគច្រើននៃ Coronaviruses គឺអាចចម្លងពីមនុស្សទៅមនុស្សបាន ហើយដែលនេះ គឺជាការព្រួយបារម្ភរបស់ខ្ញុំ»។ នេះបើតាមសម្តីលោក Woolhouse។

* តើវារីករាលដាលលឿនដល់កម្រិតណា?

មកទល់ពេលនេះ វាមិនមានការរីករាលដាលលឿននោះទេ ដោយអ្នកជំងឺទាំង៥៩នាក់ មានផ្ទុកមេរោគថ្មីនេះចាប់ផ្ដើមនៅចន្លោះពីថ្ងៃទី១២ ខែធ្នូ និងថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៩ ហើយវាមិនមានករណីឆ្លងថ្មីត្រូវបានរាយការណ៍នោះទេ។ ប៉ុន្តែ ការព្រួយបារម្ភនៅកើតមានដដែលថាមេរោគនេះ អាចនឹងឆ្លងដល់មនុស្សរាប់លាននាក់ ដែល ធ្វើដំណើរទៅស្រុកកំណើតកំឡុងបុណ្យចូលឆ្នាំចិន នៅចុងខែមករានេះ។

* តើអាជ្ញាធរចិនឆ្លើយតបដូចម្ដេច?

អ្នកជំងឺទាំង ៥៩នាក់ត្រូវបានដាក់តាមដាន និងព្យាបាលដាច់ឆ្ងាយពីគេឯង ដើម្បីកាត់បន្ថយហានិភ័យរីករាលដាល ហើយបើតាមអាជ្ញាធរចិនមនុស្សច្រើនជាង ១៥០នាក់ ដែលបានទាក់ទងដោយផ្ទាល់ ជាអ្នកជំងឺកំពុងត្រូវបានតាមដាន។ មិនតែប៉ុណ្ណោះអាជ្ញាធរចិន ក៏បានដំឡើងឧបករណ៍វាស់កម្ដៅ ដើម្បីត្រួតពិនិត្យលើអ្នកដំណើរផងដែរ ខណៈផ្សារលក់គ្រឿងសមុទ្រ ត្រូវបានបិទទ្វារជាបណ្ដោះអាសន្ន ដើម្បីសម្អាតកម្ចាត់មេរោគ។

* ការព្រួយបារម្ភរបស់អ្នកជំនាញ ចំពោះវីរុសនេះ

ក្រុមអ្នកជំនាញសុខាភិបាលមួយចំនួនយល់ថា នៅខណៈនេះ គេមិនអាចបញ្ជាក់ពីការព្រួយបារម្ភ ដល់កម្រិតណាឡើយ ដោយនៅរង់ចាំព័ត៌មានបន្ថែមសិន។ រីឯអ្នកជំនាញខ្លះដូចជា លោក Woolhouse បានសង្កត់ធ្ងន់ដូច្នេះថា «យើងគួរតែព្រួយបារម្ភពីមេរោគថ្មីទាំងឡាយណា ដែលមនុស្សបានរកឃើញជាលើកដំបូង។ បើសិនជាមេរោគមួយចូលទៅក្នុងកោសិកា ហើយចម្លងនោះវាអាចនឹងចាប់ផ្ដើមធ្វើឱ្យមានការផ្លាស់ប្ដូរ ដែលអាចនឹងអនុញ្ញាតឱ្យវារីករាលដាល យ៉ាងឆាប់រហ័ស ប្រកបដោយប្រសិទ្ធភាព និងកាន់តែមានគ្រោះថ្នាក់។ ដូច្នេះយើងមិនត្រូវទុកឱកាសបែបនេះ ឱ្យមេរោគជាដាច់ខាត»

ប្រភព៖ BBC (ថ្ងៃសុក្រ ទី១០ ខែមករា ឆ្នាំ២០២០)