(តេហេរ៉ង់)៖ អ្នកនាំពាក្យនៃក្រសួងយុត្តិធម៌អ៉ីរ៉ង់ បាននិយាយនៅថ្ងៃអង្គារនេះថា អាជ្ញាធរបានចាប់ខ្លួនមនុស្សមួយចំនួន ដែលស្ថិតក្នុងការសង្ស័យថា មានជាប់ពាក់ព័ន្ធទៅនឹងការបាញ់ទម្លាក់ យន្តហោះដឹកអ្នកដំណើររបស់អាកាសចរណ៍ អន្តរជាតិអ៊ុយក្រែនកាលពីថ្ងៃពុធសប្តាហ៍មុន ដែលបានផ្តាច់ជីវិតមនុស្សសរុប ១៧៦នាក់ ក្នុងនោះមានជនជាតិអ៉ីរ៉ង់ច្រើនជាងគេរហូតដល់ទៅជាង ៨០នាក់។ នេះបើតាមការ ចេញផ្សាយដោយស៊ីនហួរ នាល្ងាចថ្ងៃអង្គារ ទី១៤ ខែមករា ឆ្នាំ២០២០។
អ្នកនាំពាក្យក្រសួងយុត្តិធម៌អ៉ីរ៉ង់លោក ហ្គោឡាមហូស្សេន អ៊ីស្មៃលី (Gholamhossein Esmaili ) បានលើកឡើងក្នុងសន្និសីទសារព័ត៌មានមួយ ក្នុងរដ្ឋធានីតេហេរ៉ង់ថា «កន្លងមកនេះយើងបានស៊ើបអង្កេត និងចាប់ខ្លួនជនសង្ស័យមួយចំនួន (មិនបានបញ្ជាក់ចំនួនច្បាស់លាស់) ហើយក្រុមជំនាញរបស់ក្រសួង កំពុងតែធ្វើការស៊ើបអង្កេត និងប្រមូលភស្តុតាងទាំងយប់ទាំងថ្ងៃតែម្តង...»។
បន្ថែមពីខាងលើនេះ អាជ្ញាធរអ៉ីរ៉ង់បានអះអាងទៀតថា ប្រអប់ខ្មៅនៃយន្តហោះអ៊ុយក្រែន ត្រូវបានបញ្ជូនទៅកាន់ប្រទេសបារាំងហើយ ដើម្បីឲ្យក្រុមជំនាញនៅទីនោះធ្វើការពិនិត្យ និងទាញយកទិន្នន័យ ហើយក្រុមជំនាញរបស់អ៉ីរ៉ង់ក៏ស្ថិតនៅទីនោះផងដែរ។ ទិន្នន័យក្នុងប្រអប់ខ្មៅ នឹងអាចជួយឲ្យអាជ្ញាធរអ៉ីរ៉ង់ធ្វើការស៊ើបអង្កេតបានកាន់តែប្រសើរ ខណៈអ្នកនាំពាក្យក្រសួងយុត្តិធម៌អ៉ីរ៉ង់បានព្រលយពាក្យមួយឃ្លាថា «អាជ្ញាធរអ៉ីរ៉ង់កំពុងតែជីកកកាយរកការពិត និងអនុវត្តនូវភាពយុត្តិធម៌»៕