(អង់ការ៉ា)៖ ប្រធានាធិបតីតួកគី លោក Tayyip Erdogan បានព្រមានថាទីក្រុងអង់ការ៉ា នឹងផ្ដល់មេរៀនមួយដល់លោកឧត្ដមសេនីយ៍ Khalifa Haftar បើសិនជារដ្ឋាភិបាល ខាងកើតរបស់លោក ហ៊ានដឹកនាំការវាយប្រហារណាមួយលើរដ្ឋាភិបាលទីក្រុងទ្រីប៉ូលី ដែលគាំទ្រដោយអង្គការសហប្រជាជាតិ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារ ព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី១៤ ខែមករា ឆ្នាំ២០២០។
ការកត់សម្គាល់របស់លោក Erdogan ធ្វើឡើងកំឡុងថ្លែងសុន្ទរកថាទៅកាន់សមាជិកសភាតួកគី នៅថ្ងៃអង្គារនេះ និងបន្ទាប់ពីទីក្រុងម៉ូស្គូ រួមទាំងទីក្រុងអង់ការ៉ា បរាជ័យក្នុងការ បញ្ចុះបញ្ចូលឱ្យលោក Haftar ចុះហត្ថលេខាលើបទឈប់បាញ់ជាមួយរដ្ឋាភិបាលទ្រីប៉ូលី របស់លោកនាយករដ្ឋមន្ត្រី Fayez al-Serraj។ ថ្លែងនាឱកាសនោះ លោកប្រធានាធិបតី តួកគី បានគូសបញ្ជាក់ដូច្នេះថា៖ «បើសិនជាជនផ្ដាច់ការ Haftar បើកការវាយប្រហារលើប្រជាជន និងរដ្ឋាភិបាលស្របច្បាប់លីប៊ី នោះយើងនឹងមិនឈរឱបដៃមើលឡើយ ហើយយើងនឹងផ្ដល់មេរៀនមួយដែលគាត់សមនឹងទទួល។ កាតព្វកិច្ចរបស់យើង គឺការពារបងប្អូនរបស់យើង»។
គួរជម្រាបថា នៅឯកិច្ចចរចាក្នុងទីក្រុងម៉ូស្គូ កាលពីថ្ងៃចន្ទ ក្រោមកិច្ចសម្របសម្រួលដោយរុស្ស៊ី និងតួកគី ប្រមុខរដ្ឋាភិបាលកិច្ចព្រមព្រៀងជាតិលីប៊ី នាយករដ្ឋមន្ត្រី លោក Fayez al-Sarraj មានមូលដ្ឋាននៅទីក្រុង ទ្រីប៉ូលី បានចុះហត្ថលេខាលើសេចក្ដីព្រាងនៃកិច្ចព្រមព្រៀងស្ដីពីបទឈប់បាញ់ ខណៈលោក Khalifa Haftar មេដឹកនាំរដ្ឋាភិបាល កងទ័ពជាតិលីប៊ី មានមូលដ្ឋាននៅភាគខាងកើតនៃប្រទេស បានស្នើសុំពេលវេលាបន្ថែមដើម្បីពិចារណា ថាតើគួរតែចុះហត្ថលេខាដែរឬទេ នៅព្រឹកថ្ងៃអង្គារនេះ។ ប៉ុន្តែ នៅថ្ងៃអង្គារ នេះដដែល លោក Haftar ស្រាប់តែចាកចេញពីទីក្រុង មូស្គូ ដោយមិនបានចុះហត្ថលេខាលើបទឈប់បាញ់នោះទេ៕