(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិក ទទួលបានព័ត៌មានស៊ើបការណ៍សំងាត់ជាច្រើនពាក់ព័ន្ធនឹងលទ្ធភាពនៃការវាយប្រហារភ្លាមៗលើកងទ័ពអាមេរិកដែល កំពុងឈរជើងនៅក្នុងប្រទេសអាល្លឺម៉ង់។ នេះបើតាមការដកស្រង់ការផ្សាយពីសារព័ត៌មាន Newsweek នៅថ្ងៃចន្ទ ទី២០ ខែមករា ឆ្នាំ២០២០។
សារព័ត៌មាន Newsweek ធ្វើសេចក្ដីរាយការណ៍បែបនេះ ដោយផ្អែកលើប្រភពមួយ ដែលខ្លួនទទួលបានក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ។ ប្រភពដដែល បានបញ្ជាក់ថា អង្គភាពស៊ើបការណ៍សំងាត់នៃកងពលធំអាមេរិកទី៦៦ គឺជាអ្នកទទួលបានព័ត៌មានសំងាត់ទាំងនេះ ជាមួយការអះអាងថាមូលដ្ឋានទ័ព អាមេរិកនៅក្នុងប្រទេសអាល្លឺម៉ង់ ដូចជា Tower Barracks ក្នុងទីក្រុង Grafenwohr ឬ Tower Barracks ក្នុងទីក្រុង Dulmen អាចនឹងប្រឈមមុខនឹង ការវាយប្រហារកម្រិតខ្ពស់។ ប៉ុន្តែ ខាងមន្ទីរបញ្ចកោណ មិនបានធ្វើអត្ថាធិប្បាយអ្វីជុំវិញសេចក្ដីរាយការណ៍នេះទេ។
គួរជម្រាបថា បច្ចុប្បន្ន កងទ័ពអាមេរិកជិត ៣៩,០០០នាក់ កំពុងឈរជើងនៅទូទាំងប្រទេសអាល្លឺម៉ង់ ហើយមូលដ្ឋានទ័ពក្នុងទីក្រុង Grafenwohr ត្រូវបាន គេចាត់ទុកថាជាមូលដ្ឋានទ័ពអាមេរិកដ៏ធំមួយ នៅបរទេស៕