(កាណាដា)៖ នាយកហិរញ្ញវត្ថុនៃក្រុមហ៊ុនបច្ចេកវិទ្យាចិន Huawei លោកស្រី ម៉េង វ៉ានចូវ (Meng Wanzhou) នាថ្ងៃចន្ទសប្តាហ៍នេះ (ពេលវេលាក្នុងតំបន់នៅកាណាដា) បានបង្ហាញខ្លួននៅតុលាការនៃប្រទេសកាណាដា ដើម្បីតស៊ូក្តីពាក់ព័ន្ធនឹងសំណើទាមទារពីសំណាក់សហរដ្ឋអាមេរិកឲ្យ បញ្ជូនខ្លួនលោកស្រីទៅកាន់ទីនោះ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន CNA នៅព្រឹកថ្ងៃអង្គារ ទី២១ ខែមករា ឆ្នាំ២០២០។

លោកស្រី Meng Wanzhou ដែលជាកូនស្រីច្បងរបស់បិតាស្ថាបនិកក្រុមហ៊ុន Huawei លោក រិន ចេងហ្វៃ (Ren Zhengfei) ត្រូវអាជ្ញាធរអាមេរិកស្នើសុំធ្វើបត្យាប័នពីប្រទេសកាណាដា ក្រោមការចោទថា លោកស្រីបាននិយាយកុហកចំពោះធនាគារវិនិយោគមួយរបស់ចក្រភពអង់គ្លេស HSBC អំពីទំនាក់ទំនងរបស់ក្រុមហ៊ុន Huawei ជាមួយក្រុមហ៊ុន Skycom ដែលមានមូលដ្ឋាននៅអ៉ីរ៉ង់ ជាហេតុធ្វើឲ្យធនាគារនោះប្រឈមនឹងហានិភ័យ នៃការរំលោភលើទណ្ឌកម្មអាមេរិក ប្រឆាំងនឹងទីក្រុងតេហេរ៉ង់។

គួរជម្រាបថា ដើម្បីទទួលបានសិទ្ធិសេរីភាពឡើងវិញសម្រាប់លោកស្រី Meng ក្រុមមេធាវីរបស់លោកស្រីត្រូវតែធ្វើយ៉ាងបញ្ចុះបញ្ចូល ចៅក្រមកាត់ក្តីរបស់កាណាដាថា ការចោទប្រកាន់របស់អាមេរិក នឹងមិនមានសុពលភាពនៅក្នុងប្រទេសកាណាដាឡើយ ហើយវាមានពាក់ព័ន្ធហេតុផលនយោបាយ។ ក្រោយការចាប់ខ្លួន លោកស្រី Meng ត្រូវបានអាជ្ញាធរកាណាដា សម្រេចឃុំខ្លួនក្នុងលំនៅឋាន និងក្រោយមកត្រូវបានអនុញ្ញាតឲ្យចេញដើរហើរខាងក្រៅ ដោយមានអាជ្ញាធរតាមដានជានិច្ច ក្នុងរយៈពេលជាង ១ឆ្នាំហើយ។ ជាមួយគ្នានេះ រដ្ឋាភិបាលចិនជាថ្មីម្តងទៀត ទើបតែបានអំពាវនាវឲ្យកាណាដា ធ្វើការដោះលែងលោកស្រីជាបន្ទាន់ តាមដែលអាចធ្វើបាន៕