(វ៉ាស៊ីនតោន)៖ ប្រជាជនអាមេរិក ៥១ភាគរយ បាននិយាយថាព្រឹទ្ធសភា គួរតែបោះឆ្នោតគំាទ្រលើការចោទប្រកាន់ និងដកលោក ដូណាល់ ត្រាំ ចេញពីតំណែងជា ប្រធានាធិបតីអាមេរិក នៅក្នុងសវនាការលើនីតិវិធីដកតំណែង (impeachment trial) ដែលគ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃអង្គារសប្ដាហ៍នេះ (ម៉ោងនៅវ៉ាស៊ីនតោន) ខណៈ ៤៥ភាគរយ យល់ថាព្រឹទ្ធសភាគួរតែបោះឆ្នោតប្រឆាំងនឹងនីតិវិធីចោទប្រកាន់ និងដកលោក ត្រាំ ពីតំណែង។ នេះបើតាមការស្ទង់មតិថ្មីមួយ ចេញផ្សាយដោយសារព័ត៌មាន CNN នៅថ្ងៃអង្គារ ទី២១ ខែមករា ឆ្នាំ២០២០។
បើតាមការស្ទង់មតិរបស់ CNN ដឹកនាំដោយក្រុមហ៊ុនស្ទង់មតិ និងស្រាវជ្រាវទីផ្សារ SSRS ប្រជាជនអាមេរិកជិត៧នាក់ ក្នុងចំណោម១០នាក់ ឬស្មើនឹង៦៥ភាគរយ ក៏បានបង្ហាញយោបល់ដែរថា សវនាការដែលនឹងត្រូវធ្វើឡើងក្នុងរយៈពេលប៉ុន្មានម៉ោងមុខនេះ គួរតែអនុញ្ញាតឱ្យមានសាក្សីថ្មី ដែលមិនបានផ្ដល់សក្ខីកម្មនៅក្នុងនីតិវិធី ស៊ើបអង្កេតដើម្បីចោទប្រកាន់លោក ដូណាល់ ត្រាំ របស់សភាតំណាងរាស្ត្រ។ បន្ថែមពីលើនេះ ខណៈសមាជិកព្រឹទ្ធសភាខាងគណបក្សប្រជាធិបតេយ្យ កំពុងបញ្ចុះបញ្ចូល ឱ្យសមាជិកព្រឹទ្ធសភាមកពីគណបក្សសាធារណរដ្ឋបួននាក់ ឱ្យចូលរួមជាមួយខ្លួនលើការបោះឆ្នោតអនុញ្ញាតឱ្យសាក្សីថ្មី បង្ហាញខ្លួនក្នុងសវនាការ ការស្ទង់មតិដដែលបាន ឱ្យដឹងទៀតថាប្រជាជនអាមេរិក ៤៨ភាគរយចង់ឱ្យមានសាក្សីថ្មី រីឯ៤៤ភាគរយថាមិនចាំបាច់ ឬមិនចង់ឱ្យមានសាក្សីថ្មីបន្ថែមទៀត។
គួរបញ្ជាក់ថា ការស្ទង់មតិខាងលើ គឺជាការស្ទង់មតិថ្នាក់ជាតិធំបំផុតតាមរយៈទូរស័ព្ទ ចាប់តាំងពីមាត្រានៃនីតិវិធីដកតំណែងលោក ដូណាល់ ត្រាំ ត្រូវបានសភាតំណាងរាស្ត្រ បញ្ជូនទៅកាន់ព្រឹទ្ធសភា កាលពីសប្ដាហ៍មុនមក។ ការស្ទង់មតិនេះធ្វើឡើងពីថ្ងៃទី១៦ ដល់ថ្ងៃទី១៩ខែមករា នៅក្នុងចំណោមប្រជាជនអាមេរិក ១,១៥៦នាក់៕