(បាងកក)៖ ក្រសួងសុខាភិបាលថៃ នៅថ្ងៃពុធនេះ បានទទួលស្គាល់ថាស្ត្រីម្នាក់ មានអាយុ៧៣ឆ្នាំ ដែលកំពុងសម្រាកព្យាបាលនៅឯមន្ទីរពេទ្យ ក្នុងទីក្រុង Nakhon Pathom គឺជាជនជាតិថៃដំបូងគេបំផុត បានឆ្លងវីរុសផ្លូវដង្ហើមបង្កឡើងដោយវីរុសខូរ៉ូណា (Coronavirus) ថ្មីមួយ ដែលបានសម្លាប់មនុស្ស៩នាក់ហើយ នៅក្នុងប្រទេសចិន។ នេះបើតាម ការចេញផ្សាយដោយសារព័ត៌មាន Bangkok Post នៅថ្ងៃពុធ ទី២២ ខែមករា ឆ្នាំ២០២០
បើតាមក្រសួងសុខាភិបាលថៃ ស្ត្រីខាងលើបានធ្លាក់ខ្លួនឈឺ បន្ទាប់ពីត្រឡប់មកពីទីក្រុង Wuhan ប្រទេសចិន កាលពីចុងឆ្នាំ២០១៩។ ស្ត្រីរូបនេះកំពុងសម្រាកព្យាបាល នៅឯមន្ទីរពេទ្យក្នុងទីក្រុង Nakhon Pathom ហើយក្រុមមន្ត្រីសុខាភិបាលថៃ បានទទួលស្គាល់ថាគាត់ពិតជាមានផ្ទុកវីរុសខូរ៉ូណា (Coronavirus) ថ្មី ដែលជាវីរុសផ្លូវដង្ហើម ធ្ងន់ធ្ងរមានប្រភពដើមមកពីទីក្រុង Wuhan នោះប្រាកដមែន។ បច្ចុប្បន្ន មានមនុស្ស៤នាក់ ហើយត្រូវបានគេរាយការណ៍ថាមានផ្ទុកវីរុសខូរ៉ូណាថ្មីនេះ នៅក្នុងប្រទេសថៃ ដោយក្នុងនោះមានភ្ញៀវទេសចរចិន៣នាក់ និងជនជាតិថៃម្នាក់។
គួរបញ្ជាក់ថា ក្រុមមន្ត្រីសុខាភិបាលចិន នៅថ្ងៃពុធនេះដែរ បានព្រមានថា វីរុសផ្លូវដង្ហើមថ្មីដែលមានសភាពដូចជាជំងឺ SARS អាចនឹងផ្លាស់ប្ដូរទម្រង់ ហើយរីករាលដាល កាន់តែខ្លាំងនៅពេលអនាគត ខណៈចំនួនអ្នកស្លាប់កើនដល់ ០៩នាក់ និងជាង ៤៤០បានឆ្លង។ ក្រៅពីប្រទេសចិនផ្ទាល់ ថៃ ជប៉ុន កូរ៉េខាងត្បូង តៃវ៉ាន់ និងសហរដ្ឋអាមេរិក សុទ្ធតែបានរកឃើញករណីអ្នកផ្ទុកវីរុសនេះដែរ ដោយករណីទាំងនោះ គឺមានពាក់ព័ន្ធជាមួយអ្នកដែលធ្វើដំណើរមកពីក្រុង Wuhan របស់ចិន។ វីរុសផ្លូវដង្ហើមថ្មីគឺឆ្លងពីមនុស្ស ទៅមនុស្ស តាមរយៈការក្អក ឬកន្តាស់។ ប៉ុន្តែមិនទាន់អាចបញ្ជាក់ពី ប្រភពជាក់លាក់នៃកំណើតវីរុសនេះនៅឡើយទេ៕