(ញូដេលី)៖ ប៉ូលិសឥណ្ឌានៃរដ្ឋ Gujarat បានឱ្យដឹងថាមេដឹកនាំសាសនា លោក Nithyananda បានរត់គេចចេញពីប្រទេសឥណ្ឌា បន្ទាប់ពីស្ត្រីជាពលរដ្ឋអាមេរិកម្នាក់ចោទប្រកាន់ថា បុរសដែលចាត់ទុកខ្លួនឯងជា «ព្រះ និងជាអ្នកអប់រំផ្លូវចិត្ត» មានអាយុ៤២ឆ្នាំរូបនេះ បានរំលោភបំពានផ្លូវភេទមកលើរូបនាង អស់រយៈពេលជាង៥ឆ្នាំមកហើយ ដោយប្រើប្រាស់ល្បិច លួងលោមថាជាការចូលរួមក្នុងការអនុវត្តខាងសាសនា។ នេះបើតាមការដកស្រង់ចេញផ្សាយពីសារព័ត៌មាន Sputnik នៅថ្ងៃពុធ ទី២២ ខែមករា ឆ្នាំ២០២០។
កាលពីថ្ងៃទី២០ ខែមករាកន្លងទៅ លោក Nithyananda ក៏ត្រូវបានចោទប្រកាន់ផងដែរ ពីបទបង្ខំាងកូនសិស្សខ្លួនឯងដោយខុសច្បាប់ នៅឯទីសក្ការៈ (ashram) របស់លោកស្ថិត នៅក្នុងទីក្រុង Ahmedabad នៃរដ្ឋ Gujarat ដើម្បីប្រើប្រាស់ពួកគេ ជាថ្នូរទទួលបានអំណោយនានា។ ចំណែកឯ ប៉ូលិសអន្តរជាតិ Interpol បានចេញសេចក្ដីជូនដំណឹងកម្រិត ពណ៌ខៀវ ប្រឆាំងនឹងលោក Nithyananda ហើយ តាមសំណើរបស់ប៉ូលិសនៃរដ្ឋ Gujarat។ ការចេញសេចក្ដីជូនដំណឹងកម្រិតព័ណ៌ខៀវនេះ គឺមានគោលបំណងតាមរកទីតាំង លាក់ខ្លួនរបស់ជនសង្ស័យ, កំណត់អត្តសញ្ញាណ ឧក្រិដ្ឋជន ឬក៏ជនណាម្នាក់ ដែលប៉ូលិសកំពុងតាមចាប់។
គួរជម្រាបថា បន្ទាប់ពីមានពាក្យបណ្ដឹង លោក Nithyananda បានរត់គេចខ្លួនចេញពីប្រទេសឥណ្ឌា កាលពីចុងឆ្នាំ២០១៩ បើទោះជាលិខិតឆ្លងដែនអស់សុពលភាពកាលពីឆ្នាំ២០១៨ ក៏ដោយ។ មកទល់នឹងពេលនេះ គេមិនទាន់កំណត់ពីទីតាំងដែលបុរសរូបនេះកំពុងស្ថិតនៅឡើយទេ ខណៈកូនសិស្សរបស់លោកពីរនាក់ ត្រូវបានប៉ូលិសឃាត់ខ្លួន និងសួរចម្លើយ៕