(ចិន)៖ ចំនួនអ្នកស្លាប់ដោយសារវីរ៉ុសថ្មី ដូចទៅនឹងជំងឺផ្តាសាយ ក្នុងខេត្តហ៊ូប៊ី ប្រទេសចិន បានកើនឡើងដល់១៧នាក់ហើយ ហើយចំនួនករណីដែលគេបញ្ជាក់ថា បានឆ្លងវីរ៉ុស ក៏មានការកើនឡើងដល់ចំនួន៥៤៤នាក់, នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយឲ្យដឹង នាយប់ថ្ងៃទី២២ ខែមករា ឆ្នាំ២០២០នេះ។

ការផ្ទុះឡើងនៃវីរុសថ្មីប្រភេទថ្មីនេះ បានចាប់ផ្តើមនៅក្នុងទីក្រុង Wuhan នៃខេត្ត Hubei ជាទីដែលកំពុងមានអ្នកឆ្លងច្រើនជាងគេ ហើយបច្ចុប្បន្នវា បានរាលដាលដល់ទីក្រុងក៏ដូចជាខេត្តជាច្រើនទៀតរបស់ចិន រួមមានទាំងរដ្ឋធានីប៉េកាំង ទីក្រុងសៀងហៃ ខេត្ត Guandong និងទីក្រុងម៉ាកាវ ហើយនៅក្រៅព្រំដែនប្រទេសចិន គឺនៅប្រទេសថៃ ជប៉ុន កូរ៉េខាងត្បូង តៃវ៉ាន់ និងសហរដ្ឋអាមេរិក ក៏សុទ្ធបានរកឃើញករណីអ្នកមានផ្ទុកវីរុសនេះដែរ ដោយក្នុងនោះថៃមានដល់ទៅ ០៤ករណី។

គួរជម្រាបថា អម្បូរវីរុសខាងលើ គឺ Coronavirus មានប្រភេទវីរុសច្រើន ដែលអាចបង្កជំងឺចាប់ពីកម្រិតស្រាល ដូចជាគ្រុនផ្តាសាយធម្មតាៗរហូតដល់ជំងឺរលាកសួត ឬជំងឺផ្លូវដង្ហើមខ្លាំងក្លាដូចជា ជំងឺ SARS ដ៏កាចសាហាវ។ ជំងឺ SARS ក៏បានផ្ទុះឡើងដំបូងនៅក្នុងប្រទេសចិនដែរ ហើយកាលពីឆ្នាំ២០០៣ ហុងកុងបានទទួលរងការវាយលុកយ៉ាងដំណំដោយជំងឺនេះ។ បើតាមអង្គការសុខភាពពិភពលោក កាលគ្រានោះមនុស្សចំនួន ១,៧៥៥នាក់នៅហុងកុងបានឆ្លងវីរុស SARS ហើយ ២៩៩នាក់បានស្លាប់ ខណៈនៅទូទាំងពិភពលោកទាំងមូលមនុស្សប្រមាណ ៨០០នាក់បានបាត់បង់ជីវិត ដោយសារតែជំងឺនេះ៕