(ហូឡង់)៖ តុលាការយុត្តិធម៌អន្តរជាតិ (ICJ) របស់អង្គការសហប្រជាជាតិ (UN) នាថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ នឹងប្រកាសពីការសម្រេចចិត្តរបស់ខ្លួនទៅលើសំណើទាមទារឲ្យមានចំណាត់ការបន្ទាន់ចំពោះប្រទេសមីយ៉ាន់ម៉ា ដែលបានរងការចោទប្រកាន់ពីបទប្រព្រឹត្តអំពើប្រល័យពូជសាសន៍វប្រឆាំងនឹងជនជាតិភាគតិចម៉ូស្លីមរ៉ូហ៊ីងយ៉ា។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន Aljazeera នៅរសៀលថ្ងៃព្រហស្បតិ៍ ទី២៣ ខែមករា ឆ្នាំ២០២០។
សំណុំរឿងខាងលើចាប់ផ្តើមឡើងនៅតុលាការកំពូលរបស់ UN បន្ទាប់ពីប្រទេស Gambia នៅតំបន់អាហ្រ្វិកខាងលិច បានដាក់ពាក្យបណ្តឹងកាលពីខែវិច្ឆិកា ឆ្នាំ២០១៩ ដោយចោទប្រកាន់មីយ៉ាន់ម៉ាថា បានក៏ដូចជាកំពុងតែបន្តប្រព្រឹត្តអំពើប្រល័យពូជសាសន៍ប្រឆាំងនឹងជនជាតិរ៉ូហ៊ីងយ៉ា ដែលរស់នៅក្នុងប្រទេសមីយ៉ាន់ម៉ា ខណៈទង្វើបែបនេះបានរំលោភលើអនុសញ្ញាស្តីពីអំពើប្រល័យពូជសាសន៍ឆ្នាំ១៩៤៨។
កាលពីខែធ្នូ ឆ្នាំ២០១៩ មេដឹកនាំស៊ីវិលរបស់មីយ៉ាន់ម៉ា គឺលោកស្រី អោងសាន ស៊ូជី បានចូលបង្ហាញខ្លួននៅចំពោះមុខតុលាការយុត្តិធម៌អន្តរជាតិ ហើយលោកស្រីបានស្នើឲ្យតុលាការទម្លាក់ចោលរឿងក្តីនេះ ដោយលោកស្រីបានទទួលស្គាល់ថា ប្រហែលជាមានការប្រើប្រាស់កម្លាំងយោធាច្រើនហួស និងមានជនស៊ីវិលមួយចំនួនបាត់បង់ជីវិតមែនពិត ប៉ុន្តែទង្វើដែលអាជ្ញាធរមីយ៉ាន់ម៉ាបានប្រព្រឹត្តទៅ គឺមិនស្មើនឹងអំពើប្រល័យពូជសាសន៍ឡើយ។
គួរជម្រាបថា ជនជាតិរ៉ូហ៊ីងយ៉ាច្រើនជាង៧៣០,០០០នាក់ បានរត់ភៀសខ្លួនចេញពីប្រទេសមីយ៉ាន់ម៉ា បន្ទាប់ពីយោធាមីយ៉ាន់ម៉ាបានបើកយុទ្ធនាការបង្រ្កាបយ៉ាងក្តៅគគុកមួយ កាលពីឆ្នាំ២០១៧ ហើយពួកគេភាគច្រើនបានទៅជ្រកកោន តាមជំរំភៀសខ្លួននៅក្នុងប្រទេសបង់ក្លាដែសដែលនៅជិតខាង៕