(កង់បេរ៉ា)៖ អាជ្ញាធរអូស្រ្តាលីបានរកឃើញយន្តហោះពន្លត់អគ្គីភ័យមួយគ្រឿង ដែលបានធ្លាក់នៅក្បែរទីក្រុងស៊ីដនីនៃរដ្ឋ New South Wales នៅថ្ងៃព្រហស្បតិ៍នេះហើយ ខណៈភ្នាក់ងារពន្លត់អគ្គីភ័យចំនួន៣នាក់ ដែលជិះនៅលើយន្តហោះនោះ បានបាត់បង់ជីវិត។ នេះបើតាមការ ដកស្រង់ការផ្សាយចេញពីសារព័ត៌មាន Fox News នៅរសៀលថ្ងៃព្រហស្បតិ៍ ទី២៣ ខែមករា ឆ្នាំ២០២០។
យន្តហោះខាងលើប្រភេទ C-130 Hercules ដែលស្ថិតក្រោមកម្មសិទ្ធិក្រុមហ៊ុនពន្លត់អគ្គីភ័យតាមផ្លូវអាកាសរបស់អាមេរិក Coulson Aviation បានដាច់ការទាក់ទង ក្រោយហោះចេញពីក្រុង Richmond នៃរដ្ឋ New South Wales របស់អូស្រ្តាលី ដើម្បីធ្វើប្រតិបត្តិការពន្លត់ភ្លើង ឆេះព្រៃ។ ភ្លាមៗក្រោយមក អាជ្ញាធរអូស្រ្តាលីក៏បានចេញតាមរកយន្តហោះនោះ ហើយរកឃើញថាវាបានធ្លាក់នៅតំបន់ជួរភ្នំ Snowy Mountain ភាគខាងត្បូងរដ្ឋ New South Wales និងមិនឆ្ងាយប៉ុន្មានពីទីក្រុងស៊ីដនីឡើយ។ រីឯភ្នាក់ងារពន្លត់អគ្គីភ័យទាំង៣នាក់ ដែលបានបាត់បង់ជីវិត គឺជាជនជាតិអាមេរិកទាំងអស់។
គួរជម្រាបថា ការកើនឡើងសីតុណ្ហភាព និងកម្លាំងខ្យល់បោកបក់ បានធ្វើឲ្យភ្លើងឆេះព្រៃនៅភាគខាងកើតអូស្រ្តាលី រាលដាលខ្លាំងឡើងវិញសាជាថ្មី ក្រោយពីមានភាពធូរស្រាលបានប៉ុន្មានថ្ងៃមកនេះ ដោយសារការធ្លាក់ភ្លៀង និងការថយចុះសីតុណ្ហភាព។ គ្រោះមហន្តរាយភ្លើងឆេះ ព្រៃបានបន្តវាយប្រហារប្រទេសអូស្រ្តាលី ចាប់តាំងតែពីខែកញ្ញា ឆ្នាំ២០១៩ ហើយបានសម្លាប់មនុស្សយ៉ាងតិច ២៩នាក់ និងបំផ្លាញលំនៅឋានច្រើនជាង ២,០០០ខ្នង ខណៈសត្វព្រៃ និងសត្វពាហនៈរាប់ពាន់លានក្បាលបានងាប់៕