(ប៉េកាំង)៖ អាជ្ញាធរទីក្រុងប៉េកាំងនៃប្រទេសចិន នាថ្ងៃព្រហស្បតិ៍នេះបានប្រកាសថា គម្រោងប្រារព្ធពិធីអបអរក្នុងលក្ខណៈទ្រង់ទ្រាយធំទាំងអស់ ត្រូវបានសម្រេចលុបចោល ដើម្បីជួយដល់កិច្ចប្រឹងប្រែងទប់ស្កាត់ការរីករាលដាលនៃវីរុសកូរ៉ូណាប្រភេទថ្មី។ នេះបើតាមការដកស្រង់ការផ្សាយចេញពី សារព័ត៌មាន CNA នៅយប់ថ្ងៃព្រហស្បតិ៍ ទី២៣ ខែមករា ឆ្នាំ២០២០។

អាជ្ញាធរវប្បធម៌និងទេសចរណ៍ទីក្រុងប៉េកាំងបានចេញសេចក្តីថ្លែងការណ៍ដូច្នេះថា «ដើម្បីឲ្យស្របទៅតាមក៏ដូចជាជួយដល់កិច្ចប្រឹងប្រែងទប់ស្កាត់ និងគ្រប់គ្រងការឆ្លងវីរុសកូរ៉ូណាប្រភេទថ្មី និងដើម្បីធានាសុវត្ថិភាព សុខភាព និងអាយុជីវិតរបស់ប្រជាជនគ្រប់រូប យើងសូមទទូចឲ្យការជួបជុំគ្នាដែលមានមនុស្សច្រើនកកកុញ គួរតែត្រូវកាត់បន្ថយ ហេតុនេះហើយ គម្រោងប្រារព្ធពិធីអបអរទ្រង់ទ្រាយធំនានាក្នុងទីក្រុងប៉េកាំង ដែលធ្លាប់ប្រព្រឹត្តទៅជារៀងរាល់ឆ្នាំនាពេលកន្លងមក សម្រាប់ឱកាសបុណ្យចូលឆ្នាំចិន ត្រូវបានលុបចោលទាំងអស់»។ ចំណែកឯ សារមន្ទីររាជវាំងបុរាណ (Forbidden City) នៅកណ្តាលទីក្រុងប៉េកាំង ដែលជាទីតាំងទេសចរណ៍ដ៏ល្បីបំផុតមួយរបស់ចិន ក៏ត្រូវបិទទ្វារជាបណ្តោះអាសន្នផងដែរ។

គួរជម្រាបថា យោងតាមគណៈកម្មការជាតិសុខាភិបាលរបស់ចិន តួលេខអ្នកឆ្លងវីរុសកូរ៉ូណាប្រភេទថ្មីក្នុងប្រទេសចិនស្ថិតនៅចំនួន ៥៧១នាក់ តែមានសេចក្តីរាយការណ៍ថា ចំនួននេះបានកើនដល់៦១៧នាក់ហើយ។ បច្ចុប្បន្ន វីរុសនេះបានសម្លាប់មនុស្សយ៉ាងតិច ១៧នាក់នៅចិន និងបានរាលដាលចេញពីក្រុង Wuhan ដល់ខេត្តនិងទីក្រុងជាច្រើនផ្សេងទៀតនៅក្នុងប្រទេសចិន ខណៈប្រទេសមួយចំនួន ដូចជាថៃ ជប៉ុន កូរ៉េខាងត្បូង តៃវ៉ាន់ អាមេរិក និងសិង្ហបុរី ក៏បានរកឃើញករណីអ្នកផ្ទុកវីរុសនេះដែរ ដែលភាគច្រើនគឺជាអ្នកធ្វើដំណើរជនជាតិចិន៕