(ហុងកុង)៖ រដ្ឋបាលទីក្រុងហុងកុងនៃប្រទេសចិន បានប្រកាសថា បុគ្គលិករដ្ឋទាំងអស់នឹងត្រូវអនុញ្ញាតឲ្យបំពេញការងារពីផ្ទះទៅ នៅពេលដែលពួកគេចូលធ្វើការវិញ ក្រោយថ្ងៃឈប់សម្រាកបុណ្យចូលឆ្នាំចិនបញ្ចប់នៅថ្ងៃពុធសប្តាហ៍នេះ ដើម្បីទប់ស្កាត់ការរីករាលដាលនៃការឆ្លងវីរុសផ្លូវដង្ហើមកូរ៉ូណាប្រភេទថ្មី ដែលគិតមកទល់ពេលនេះបានឆ្លងមនុស្សជាង៤,៥០០នាក់ និងធ្វើឲ្យស្លាប់ជាង១០០នាក់ នៅក្នុងប្រទេសចិនទាំងមូល។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន CNN នៅរសៀលថ្ងៃអង្គារ ទី២៨ ខែមករា ឆ្នាំ២០២០។
យោងតាមអ្នកនាំពាក្យម្នាក់របស់រដ្ឋបាលក្រុងហុងកុង យ៉ាងណាមិញ ការអនុញ្ញាតខាងលើមិនរាប់បញ្ចូល បុគ្គលរដ្ឋផ្នែកសេវាសង្រ្គោះបន្ទាន់ និងអ្នកធ្វើការផ្នែកសេវាសាធារណៈដែលសំខាន់ៗខ្លាំងនោះឡើយ។ ជាមួយគ្នាដែរ វិស័យឯកជននៅទីក្រុងហុងកុង ក៏ត្រូវបានជំរុញឲ្យអនុវត្តគោលការណ៍អនុញ្ញាតឲ្យបុគ្គលិកអាចធ្វើការងារពីផ្ទះទៅបាននេះ ជាបណ្តោះអាសន្នដូចគ្នា ដើម្បីរួមគ្នាជួយទប់ស្កាត់ការឆ្លងរាលដាលវីរុសកូរ៉ូណាប្រភេទថ្មី។
គួរជម្រាបថា បើតាមរបាយការណ៍ផ្លូវការរបស់ចិន វីរុសផ្លូវដង្ហើមកូរ៉េណាប្រភេទថ្មី ដែលអង្គការសុខភាពពិភពលោកឲ្យឈ្មោះសម្គាល់ថា 2019-nCoV បានឆ្លងដល់មនុស្សកើនដល់ចំនួន៤,៥៣៥នាក់នៅក្នុងប្រទេសចិន និងសរុប៥២នាក់នៅប្រទេសដទៃ ហើយអ្នកបាត់បង់ជីវិតទាំង១០៦នាក់ គឺសុទ្ធតែនៅក្នុងទឹកដីចិនផ្ទាល់ ដោយខេត្ត Hubei មានករណីឆ្លងនិងអ្នកស្លាប់ច្រើនជាងគេ ខណៈទីក្រុង Wuhan ដែលជាចំណុចចាប់ផ្តើមនៃការផ្ទុះវីរុស ស្ថិតនៅទីនោះតែម្តង។ ទីក្រុងនិងខេត្តប្រមាណជា៣០ នៅក្នុងប្រទេសចិន បានចេញចំណាត់ការឆ្លើយតបបន្ទាន់ចំពោះការឆ្លងរាលដាលនៃវីរុសនេះ ហើយក្នុងនោះទីក្រុងហុងកុងបានឆ្លើយតបក្នុងកម្រិតខ្ពស់ជាងគេ ខណៈហុងកុងមានករណីឆ្លងចំនួន៨។
ក្រៅពីចិន ប្រទេសចំនួន១៤ទៀត ក៏បានរាយការណ៍ពីករណីផ្ទុះឡើងនៃវីរុសនេះផងដែរ ដែលភាគច្រើនគឺជាអ្នកធ្វើដំណើរជនជាតិចិនផ្ទាល់។ ខាងក្រោមនេះ គឺជាតួលេខសរុបនៃអ្នកឆ្លង និងបាត់បង់ជីវិតដោយសារវីរុសផ្លូវដង្ហើមថ្មីកូរ៉ូណានៅចិន ព្រមទាំងចំនួនអ្នកផ្ទុកវីរុសនេះ ដែលត្រូវគេពិនិត្យរកឃើញ នៅតាមប្រទេសផ្សេងៗទៀត ទូទាំងពិភពលោក៖
១៖ ប្រទេសចិន៖ ឆ្លង ៤៥៣៥នាក់ ក្នុងនោះស្លាប់ ១០៦នាក់
២៖ ថៃ៖ ១៤ករណី
៣៖ អូស្ត្រាលី៖ ០៥ករណី
៤៖ សិង្ហបុរី៖ ០៥ករណី
៥៖ សហរដ្ឋអាមេរិក៖ ០៥ករណី
៦៖ ជប៉ុន៖ ០៤ករណី
៧៖ ម៉ាឡេស៊ី៖ ០៤ករណី
៨៖ កូរ៉េខាងត្បូង៖ ០៤ករណី
៩៖ បារាំង៖ ០៣ករណី
១០៖ កាណាដា ០២ករណី
១១៖ វៀតណាម៖ ០២ករណី
១២៖ កម្ពុជា៖ ០១ករណី
១៣៖ អាល្លឺម៉ង់៖ ០១ករណី
១៤៖ នេប៉ាល់៖ ០១ករណី
១៥៖ ស្រីលង្កា៖ ០១ករណី
គិតត្រឹមម៉ោង១៥៖២០នាទី, ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២០៕