(តូក្យូ)៖ ប្រទេសជប៉ុនបានសម្រេចផែនការរបស់ខ្លួន និងជាប្រទេសដំបូង បំផុត ដែលបានទៅដឹកពលរដ្ឋរបស់ខ្លួនចេញពីទីក្រុងវូហាន (Wuhan) នៃខេត្តហ៊ូប៉ី (Hubei) ភាគកណ្តាលប្រទេសចិន ត្រឡប់មកដល់ទីក្រុងតូក្យូតាមរយៈជើងហោះពិសេស នៅព្រឹកថ្ងៃពុធ ទី២៩ ខែមករា ឆ្នាំ២០២០ នេះតែម្តង។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA។
ជើងហោះហើរខាងលើនេះ បានចុះចតនៅព្រលានយន្តហោះហាណេដា (Haneda) នៅវេលាម៉ោង ៨៖៤៥នាទីព្រឹកម៉ោងទីក្រុងតូក្យូ ដោយមន្ត្រីជប៉ុនបានអះអាងថា នៅលើយន្តហោះនោះមានមនុស្សសរុប ២០៦នាក់។ កាលពីថ្ងៃអង្គារម្សិលមិញនេះ មន្ត្រីរដ្ឋាភិបាលជប៉ុនបានលើកឡើងថា ជនជាតិជប៉ុនដែលត្រូវបានជម្លៀសមកវិញ ដោយស្ម័គ្រចិត្តនោះ នឹងត្រូវទទួលការធ្វើតេស្តសុខភាពពេលដល់ព្រលានយន្តហោះជប៉ុន ហើយបើគ្មានបញ្ហាអ្វី ពួកគេនឹងអាចចេញទៅផ្ទះបាន ប៉ុន្តែពួកគេក៏ត្រូវស្ថិតនៅក្នុងផ្ទះសិន ដើម្បីពិនិត្យអការៈបន្តផងដែរ (យ៉ាងហោចណាស់ ១៤ថ្ងៃ) ក្រោមដំបូន្មានរបស់ពេទ្យជំនាញ។
គួរបញ្ជាក់ថា ក្រៅពីប្រទេសជប៉ុន បណ្តាប្រទេសផ្សេងៗទៀតដូចជា សហរដ្ឋអាមេរិក បារាំង អាល្លឺម៉ង់ សិង្ហបុរី និងអាចមានច្រើនជាងនេះទៀត ក៏កំពុងត្រៀមទៅកាន់ទីក្រុងវូហាន ដើម្បីដឹកពលរដ្ឋខ្លួនត្រឡប់មកផ្ទះវិញផងដែរ។ ជប៉ុនបានអះអាងថា យន្តហោះសហរដ្ឋអាមេរិក ក៏កំពុងស្ថិតនៅទីក្រុង Wuhan រួចជាស្រេចហើយដែរ ដែលគ្រោងហ្នឹងដឹកពលរដ្ឋខ្លួនត្រឡប់ទៅអាមេរិក នៅក្នុងថ្ងៃពុធនេះ។
អាជ្ញាធរជប៉ុនបានប្រកាសឲ្យដឹងថា អ្នកឆ្លងវីរុសកូរ៉ូណាថ្មីពីចិនបានកើនឡើង ដល់ ០៧នាក់នាក់ហើយគិតត្រឹមព្រឹកថ្ងៃពុធនេះ ដោយក្នុងនោះម្នាក់ត្រូវបានគេរកឃើញថា បានឆ្លងនៅក្នុងប្រទេសជប៉ុនផ្ទាល់ (ឆ្លងពីផ្ទុកវីរុសកូរ៉ូណាមុន) ខណៈដែលអ្នកឆ្លងមុនៗទៀត គឺពួកគេសុទ្ធតែធ្លាប់ធ្វើដំណើរទៅទីក្រុងវូហាន (Wuhan) នៃប្រទេសចិន។
វីរុសផ្លូវដង្ហើមកូរ៉ូណាប្រភេទថ្មី (Coronavirus ឬ 2019n-CoV) បានបង្កឲ្យមនុស្សស្លាប់ ១៣២នាក់ និងឆ្លងជាង ៦,០០០នាក់នៅទូទាំងពិភពលោក។ ខាងក្រោមនេះ ជាតួលេខតាមបណ្តាប្រទេស, ទីក្រុង និងកោះជុំវិញពិភពលោកដែលឆ្លងមេរោគ៖
១៖ ប្រទេសចិន ឆ្លង ៥៩៧៤នាក់ ក្នុងនោះស្លាប់ ១៣២នាក់
២៖ ថៃ ១៤ករណី
៣៖ ទីក្រុងហុងកុង ០៨ករណី
៤៖ កោះតៃវ៉ាន់ ០៨ករណី
៥៖ ជប៉ុន ០៧ករណី
៦៖ ទីក្រុងម៉ាកាវ ០៧ករណី
៧៖ ម៉ាឡេស៊ី ០៧ករណី
៨៖ សិង្ហបុរី ០៧ករណី
៩៖ អូស្ត្រាលី ០៥ករណី
១០៖ សហរដ្ឋអាមេរិក ០៥ករណី
១១៖ បារាំង ០៤ករណី
១២៖ កូរ៉េខាងត្បូង ០៤ករណី
១៣៖ កាណាដា ០៣ករណី
១៤៖ វៀតណាម ០២ករណី
១៥៖ កម្ពុជា ០១ករណី
១៦៖ អាល្លឺម៉ង់ ០១ករណី
១៧៖ នេប៉ាល់ ០១ករណី
១៨៖ ស្រីលង្កា ០១ករណី
គិតត្រឹមម៉ោង ៩៖០០នាទីព្រឹក (ម៉ោងកម្ពុជា), ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២០៕