(អូស្ត្រាលី)៖ ប្រធានមន្ត្រីសុខាភិបាលនៃរដ្ឋ Victoria លោក Brett Sutton នៅថ្ងៃពុធនេះ បានទទួលស្គាល់ពីករណីឆ្លងវីរុសកូរ៉ូណាទី២ នៅក្នុងរដ្ឋមួយនេះ ដោយធ្វើឱ្យចំនួនអ្នកឆ្លងសរុបនៅក្នុងប្រទេសអូស្រ្តាលី កើនដល់៦នាក់ហើយ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន ABC នៅថ្ងៃពុធ ទី២៩ ខែមករា ឆ្នាំ២០២០។
នៅក្នុងសន្និសីទសារព័ត៌មានដ៏ខ្លីមួយ លោក Sutton បានបញ្ជាក់ទៀតថា ករណីឆ្លងវីរុសកូរ៉ូណាទី២ ត្រូវបានគេរកឃើញនៅលើខ្លួនបុរសម្នាក់មានអាយុ៦០ឆ្នាំ និងជាអ្នករស់នៅក្នុងរដ្ឋ Victoria។ បុរសរូបនេះបានធ្លាក់ខ្លួនឈឺតាំងតែពីថ្ងៃ២៣ ខែមករាកន្លងទៅ និងកំពុងស្ថិតនៅក្រោមការព្យាបាលនៅដាច់ឆ្ងាយពីគេឯង ខណៈក្រុមគ្រួសាររបស់លោកកំពុងស្ថិតនៅក្រោមការតាមដាន រីឯអ្នកដំណើរទាំងអស់ដែលធ្វើដំណើរត្រឡប់មកពីខេត្ត Hubei ប្រទេសចិន មកកាន់អូស្ត្រាលី វិញ ក៏ត្រូវបានផ្ដល់យោបល់ឱ្យស្ថិតនៅកន្លែងឆ្ងាយពីគេឯង ឬនៅក្នុងផ្ទះរយៈពេល១៤ថ្ងៃ ផងដែរ។
គួរបញ្ជាក់ថា អាជ្ញាធរសុខាភិបាលរបស់ចិន បានប្រកាសឲ្យដឹងនៅព្រឹកថ្ងៃពុធនេះថា ចំនួនមនុស្សស្លាប់ដោយសារវីរុសផ្លូវដង្ហើម កូរ៉ូណាថ្មី (Coronavirus) បានកើនឡើងដល់ ១៣២នាក់ហើយ ខណៈមនុស្សជាង ៦,០០០នាក់ទៀតឆ្លងទាំងនៅចិន និងទូទាំងពិភពលោក៕
ខាងក្រោមជាតួលេខតាមបណ្តាប្រទេស, ទីក្រុង និងកោះជុំវិញពិភពលោកដែលឆ្លងមេរោគ៖
១៖ ប្រទេសចិន ឆ្លង ៥,៩៧៤នាក់ ក្នុងនោះស្លាប់ ១៣២នាក់
២៖ ថៃ ១៤ករណី
៣៖ ទីក្រុងហុងកុង ០៨ករណី
៤៖ កោះតៃវ៉ាន់ ០៨ករណី
៥៖ ជប៉ុន ០៧ករណី
៦៖ ទីក្រុងម៉ាកាវ ០៧ករណី
៧៖ ម៉ាឡេស៊ី ០៧ករណី
៨៖ សិង្ហបុរី ០៧ករណី
៩៖ អូស្ត្រាលី ០៦ករណី
១០៖ សហរដ្ឋអាមេរិក ០៥ករណី
១១៖ បារាំង ០៤ករណី
១២៖ កូរ៉េខាងត្បូង ០៤ករណី
១៣៖ កាណាដា ០៣ករណី
១៤៖ វៀតណាម ០២ករណី
១៥៖ កម្ពុជា ០១ករណី
១៦៖ អាល្លឺម៉ង់ ០១ករណី
១៧៖ នេប៉ាល់ ០១ករណី
១៨៖ ស្រីលង្កា ០១ករណី